×

គ្រូអង់គ្លេសលើកឡើងពីចំនុចខ្វះខាតរបស់កីឡាករសំខាន់២រូប

គ្រូបង្វឹក លោក Thomas Tuchel បានលើកឡើងត្រង់ៗអំពីចំណុចខ្វះខាតរបស់ Phil Foden និង Marcus Rashford បន្ទាប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ទល់នឹងក្រុមជម្រើសជាតិ អាល់បានី នៅក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ២០២៦ តំបន់អឺរ៉ុប កាលពីពេលថ្មីៗនេះ។

ទាំង Foden និង Rashford សុទ្ធតែទទួលបានការទុកចិត្តពីលោក Tuchel អោយចូលលេងក្នុងជម្រើសដំបូង ប៉ុន្តែកីឡាករទាំង២ ហាក់មិនបានបង្ហាញគុណភាពអោយល្អប្រសើរ តាមអ្វីដែលលោកចង់បាននោះទេ ដោយពួកគេមិនបានបង្កើតឱកាស ឬស៊ុតចំគោលដៅសោះ។

បែបនេះក្តី ក្រុមតោកំណាចអង់គ្លេស នៅតែឈ្នះទៅលើក្រុមអាល់បានី នាកីឡដ្ឋាន Wembley ដោយខ្សែបម្រើ Myles Lewis-Skelly និងប្រធានក្រុមខ្សែប្រយុទ្ធ Harry Kane ស៊ុតម្នាក់មួយគ្រាប់ យកឈ្នះលើក្រុមភ្ញៀវ អាល់បានី ក្នុងលទ្ធផល ២-០។ បន្ទាប់ពីបញ្ចប់ការប្រកួត ទល់នឹងក្រុម អាល់បានី លោក Thomas Tuchel បានដាក់បន្ទុកធ្ងន់លើ Rashford និង Foden ដោយលោកបានអះអាងថា ពួកគេទាំង ២ គឺមិនមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការជួយក្រុមនៅតំបន់ប្រយុទ្ធ។

ទាក់ទងនឹងរឿងនេះ បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ ៥១ ឆ្នាំបានអោយដឹងដូច្នេះថា “ខ្ញុំគិតថាខ្សែប្រយុទ្ធស្លាបរបស់យើងទាំង ២ នាក់ Foden និង Rashford គឺមិនបានជះឥទ្ធិពលអ្វីសោះដល់ក្រុម ដូចអ្វីដែលពួកគេធ្លាប់ធ្វើទូទៅនៅក្លិបអាជីព។ ខ្ញុំមិនប្រាកដនោះទេ ថាហេតុអ្វីបានជាពួកគេហាក់មានភាពពិបាក ក្នុងការបញ្ជូនបាល់អោយបានលឿនទៅមិត្តរួមក្រុមដទៃ។”

ទោះយ៉ាងណា លោក Thomas Tuchel ក៏បានកោតសរសើរសមត្ថភាព និងទម្រង់លេងរបស់ អង់គ្លេសនៅពេលនេះធ្វើបានល្អជាងមុន ដោយក្នុងការប្រកួតនោះក្រុមអាចធ្វើបានតាមការចង់បានរបស់លោកគឺលេងមួយៗច្បាស់ៗ។ ក្រុមក៏បានបង្កើតចំនួនបោះបាល់អោយគ្នាទៅវិញទៅមកបានច្រើន ច្បាស់លាស់ មានទំនុកចិត្ត និងពោរពេញដោយកម្លាំងខ្លាំងក្លា។

អង់គ្លេសបច្ចុប្បន្ន កំពុងឈរកំពូលតារាងពូល K នៃការប្រកួតវគ្គជម្រុះ FIFA World Cup ២០២៦ តំបន់អឺរ៉ុប មាន៣ពិន្ទុ ស្មើក្រុមឡេតូនី។ ការប្រកួតជាបន្តគឺអង់គ្លេសនឹងត្រូវបើកទ្វារកីឡដ្ឋាន Wembley ដដែល ដើម្បីស្វាគមន៍ក្រុមឡេតូនី ក្នុងការប្រកួតទី២ក្នុងពូល K ដោយការប្រកួតនឹងធ្វើឡើងនាយប់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង