
ខ្សែបម្រើ Pedri របស់ Barcelona បានលើកឡើងដោយមិនញញើតសោះឡើយ ក្នុងករណីក្រុមរបស់ខ្លួនត្រូវជួបគ្នាជាមួយក្រុមគូប្រជែងរួមលីគគឺក្រុម Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្នុងរដូវកាល ២០២៤-២៥ នេះ។
ជាការពិត ការប្រកួតពានរង្វាន់ UEFA Champions League បានឈានមកដល់វគ្គ ៨ ក្រុមចុងក្រោយហើយ ដោយក្នុងនោះ Barcelona ត្រូវជួបជាមួយ Borussia Dortmund រីឯ Real Madrid ត្រូវជួបជាមួយ Arsenal , Paris St Germain ត្រូវជួបជាមួយ Aston Villa ហើយចុងក្រោយគឺ Bayern Munich ត្រូវជួបជាមួយ Inter Milan។ ទោះយ៉ាងណា ទាំង Barcelona និង Real Madrid ត្រូវបានសារពត៌មាននានា រាយការណ៍ថា សុទ្ធតែមានឱកាសខ្ពស់ក្នុងការបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាលនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏អាចមានឱកាសជួបគ្នាផងដែរ។
ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសមួយជាមួយសារពត៌មាន SPORT កីឡាករ Pedri ត្រូវបានគេសួរនាំអំពីលទ្ធភាពក្នុងការជួបគ្នារវាង Barca និង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ ហើយភ្លាមនោះរូបគេបានឆ្លើយតបថា រូបគេនឹងមិនមានការភ័យខ្លាចអ្វីនោះទេ។
កីឡាករអេស្ប៉ាញ វ័យ ២២ ឆ្នាំ បានអោយដឹងដូច្នេះ “ខ្ញុំនឹងចុះហត្ថលេខាសម្រាប់ Barcelona ទល់នឹង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Munich។ វាគឺគ្មានអ្វីដែលត្រូវខ្លាចឡើយ។ វាមានន័យថា ពួកយើងនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំប្រាកដថា អ្នកគាំទ្រនឹងពេញចិត្តលើរឿងនេះ។”
សម្រាប់ការប្រកួត វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League របស់ក្រុម Barcelona ទល់នឹង Borussia Dortmund ត្រូវធ្វើឡើងចំនួន២ជើង ដោយជើងទី១ ធ្វើឡើងនាកីឡដ្ឋានបណ្តោះអាសន្ន Olímpic Lluís Companys របស់ Barcelona នៅថ្ងៃទី៩ ខែមេសា ហើយជើងទី២ ធ្វើឡើងនាកីឡដ្ឋាន Signal Iduna Park របស់ Dortmund វិញ ថ្ងៃទី ១៥ ខែមេសា ៕