RB Leipzig បានប្រកាសថា ពួកគេបានបណ្តេញលោក Marco Rose ចេញពីតំណែងគ្រូបង្វឹកហើយ។
ការឈានដល់ការបណ្តេញបុរសជនជាតិអាល្លឺម៉ង់ វ័យ៤៨ឆ្នាំ គឺបន្ទាប់ពី RB Leipzig បានរងបរាជ័យក្រោមថ្វីជើង នៅទឹកដីរបស់ Borussia Mönchengladbach ដោយលទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Bundesliga កាលពីចុងសប្តាហ៍កន្លងទៅ។
តំណែងរបស់លោក Marco Rose បានឡើងកម្តៅមួយរយៈមកហើយ ហើយការបរាជ័យក្រោមថ្វីជើងរបស់អតីតក្រុមដែលលោកដឹកនាំ បានកំណត់វាសនារបស់លោក ជាមួយនឹង RB Leipzig បញ្ចប់ត្រឹមនេះ។
ជំនួយការរបស់លោក Marco Rose ដែលមានដូចជា លោក Alexander Zickler, Marco Kurth, Frank Geideck, និង Frank Aehlig ក៏ត្រូវបានបញ្ចប់តំណែងនៅ RB Leipzig ដែរ។
លោក Marco Rose បានចូលដឹកនាំ RB Leipzig កាលពីខែកញ្ញា ឆ្នាំ២០២២ ដោយបានជួយក្រុម ឈ្នះពាន DFB-Pokal និង DFL-Supercup កាលពីឆ្នាំ២០២៤។ យ៉ាងណា ក្រោយជួយក្រុមឈ្នះពានរង្វាន់ទាំង២នេះរួចមក លោក Marco Rose បានដឹកនាំ RB Leipzig ធ្លាក់ទម្រង់លេងចុះទន់ខ្សោយ មិនអាចឈានដល់កម្រិតដែលក្លិបចង់បាន។
RB Leipzig បច្ចុប្បន្ន កំពុងឈរលេខ៦ ក្នុងតារាងពិន្ទុ Bundesliga ដោយ មាន ៤២ពិន្ទុ។ ការប្រកួតជាបន្តរបស់ពួកគេគឺត្រូវប៉ះ TSG Hoffenheim នៅថ្ងៃទី ៥ ខែមេសា ខាងមុខ៕