មានមនុស្សជាច្រើនរយនាក់បាននាំគ្នាមកប្រមូលផ្តុំគ្នានាទីក្រុង Barcelona ដើម្បីធ្វើការប្រឆាំងនឹងការសម្រេចរបស់តុលាការដែលទម្លាក់ចោលការកាត់ទោសអតីតខ្សែការពារ Dani Alves។
Dani Alves អតីតសមាជិករបស់ក្លិប Barcelona បានឈ្នះបណ្តឹងឧទ្ធរណ៍លើករណីរំលោភផ្លូវភេទនារីម្នាក់ ក្រោយតុលាការអេស្ប៉ាញសម្រេចទម្លាក់ចោលការកាត់ទោស រូបគេក្នុងរឿងក្តីរយៈពេលជាង ៣ឆ្នាំ ហើយគេបានជាប់ឃុំឃាំងជាង ១ឆ្នាំ រួចមក។
កាលខែកុម្ភៈ ឆ្នាំ ២០២៤ Dani Alves ត្រូវបានតុលាការអេស្ប៉ាញរកឃើញប្រព្រឹត្តិខុស ដោយបានរំលោភផ្លូវភេទនារីម្នាក់ នៅក្លិបកម្សាន្តរាត្រីមួយកាលពីខែធ្នូ ឆ្នាំ ២០២២ ក្នុងទីក្រុង Barcelona ហើយតុលាការបានកាត់ទោសអោយ រូបគេជាប់គុក ៤ឆ្នាំកន្លះ។ Dani Alves ក៏ធ្លាប់បដិសេធចំពោះការប្រព្រឹត្តិខុស អំឡុងការកាត់ក្តីក្នុងតុលាការអេស្ប៉ាញ។ យ៉ាងណាមិញ ថ្មីៗនេះ តុលាការអេស្ប៉ាញ បានសម្រេចទម្លាក់ចោលការចោទប្រកាន់លើអតីតកីឡាករវ័យ ៤១ឆ្នាំ ក្រោមហេតុផលភស្តុតាំងមិនគ្រប់គ្រាន់។
មេធាវីរបស់ Dani Alves លោក Ines Guardiola ក៏បានចេញមុខបកស្រាយថា កីឡាករគ្មានកំហុសឡើយ ហើយការសម្រេចថ្មីរបស់តុលាការ ជាការបង្ហាញពីភាពស្អាតស្អំ។ បែបនេះក្តី មានមនុស្សជាច្រើនមិនពេញចិត្តនឹងការសម្រេចរបស់តុលាការទេ នឹងបាននាំគ្នាធ្វើការប្រឆាំង ដើម្បីអោយមានការកាត់ក្តីសាឡើងវិញ។
ជាក់ស្តែង អ្នកធ្វើការប្រឆាំងមួយរូប មានឈ្មោះថា Daniel Dommel បានអោយដឹងថា “ ការកាត់ក្តីនេះមិនយុត្តិធម៌សម្រាប់នារីរងគ្រោះ។ វាជាប្រព័ន្ធអយុត្តិធម៌សម្រាប់អ្នកមានធនធាន ហើយខ្ញុំគិតថាវាច្បាស់ជាត្រូវផ្លាស់ប្តូរ។ យើងនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីភាពត្រឹមត្រូវ ហើយមិនចង់អោយជនរងគ្រោះមានភាពឈឺចាប់បន្តទៀត។”
អតីតសមាជិកក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ត្រូវបានដាក់ឃុំឃាំង ចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ រហូតដល់ខែមីនា ឆ្នាំ ២០២៤ មុនពេលត្រូវបានដោះលែង ក្រោយបង់ប្រាក់ជាង ១,២លានដុល្លារ សម្រាប់ការស្នាក់នៅក្រៅឃុំ ហើយរង់ចាំការដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់តុលាការ។ គេត្រូវបានអាជ្ញាធរអេស្ប៉ាញដកលិខិតឆ្លងដែន ដើម្បីបង្កាការរត់គេចខ្លួន។
Dani Alves ជាកីឡាករដ៏ជោគជ័យមួយ អំឡុងពេលប្រកបអាជីបលេងអោយក្លិប Barcelona, Juventus និង Paris Saint Germain ហើយមុនពេលបញ្ចប់អាជីបនៅក្លិបតំបន់អឺរ៉ុប Dani Alves បានទៅលេងនៅក្លិប Pumas ស្ថិតក្នុងក្របខណ្ឌ Liga MX ប្រទេសម៉ិកស៊ិក ជាកន្លែងរូបគេត្រូវចាប់ខ្លួន ហើយក្លិប Pumas ក៏បានលុបចោលកុងត្រារបស់គេមុនកំណត់៕