កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលមានឈ្មោះថា GREET KUN KHMER BEST FIGHT នឹងធ្វើពិធីបើកជាផ្លូវការ នាថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១១ថ្ងៃត្រង់តទៅនៅសង្វៀនប្រកួត CTN ឫស្សីកែវ។
ដោយមើលឃើញពីប្រជាប្រិយភាពនៃកីឡាដ៏ពេញនិយម ទាំងនៅលើពិភពលោក និង នៅកម្ពុជា ក៏ដូចជាចូលរួមអភិរក្សក្បាច់គុនដូនតាខ្មែរ និង ដើម្បីរួមចំណែកអភិវឌ្ឃកីឡាប្រដាល់នេះឱ្យគង់វង្ស ស្ថានីយទូរទស្សន៍ CBS សហការជាមួយក្រុមហ៊ុនឆេមពានគ្រុប បានបង្កើតឱ្យមានកម្មវិធីប្រកួតកីឡាប្រដាល់ ដែលមានឈ្មោះថា GREET KUN KHMER BEST FIGHT ។
បើតាមប្រសាសន៍ លោក David Ulmer អគ្គនាយកក្រុមហ៊ុន CBS បានឱ្យដឹងថា តាំងពីដើមមក CBS បានគិតគូជាខ្លាំង ក្នុងការរួមចំណែកជាមួយសហព័ន្ធកីឡាជាតិ ដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា ក្នុងន័យអភិរក្ស និងរួមគ្នាអភិវឌ្ឍនូវវិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យកាន់តែរីកចម្រើនថែមទៀតទាំងនៅលើឆាកជាតិ និង អន្តរជាតិ។
លោកបន្តថា ដោយយើងបានខិតខំបង្កើនកិច្ចសហការជាមួយដៃគូឧបត្ថម្ភ ជាក់ស្តែងនៅឆ្នាំ ២០២៥ នេះ ស្ថានីយទូរទស្សន៍ CTN និងក្រុមហ៊ុន Greet ក្រោមការជួយជ្រោមជ្រែង ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្កើតកម្មវិធី“ GREET KUN KHMER BEST FIGHT” នេះឡើង ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យកាន់តែល្បីល្បាញ។ ជាពិសេសដើម្បីផ្តល់ឧកាសដល់ យុវជន យុវនារី ជំនាន់ថ្មី បានបង្ហាញនូវសមត្ថភាព ទេពកោស្យរបស់ខ្លួន និង សម្រេចនូវក្តីសុបិន្តរបស់ពួកគេ ក្នុងវិស័យកីឡាដែលខ្លួនស្រឡាញ់។
សូមជម្រាបជូនថា សម្រាប់ការប្រកួតបើកឆាកដំបូងនៃកម្មវិធីប្រកួតប្រដាល់ GREET KUN KHMER BEST FIGHT នេះបាននាំមកជូននៅការប្រកួតដ៏អស្ចារ្យ ដោយមានចំនួន៥គូ សុទ្ធសឹងតែជាការប្រកួតមិត្តភាពអន្តរជាតិ ។
សម្រាប់សមាសភាព កីឡាករទាំង៥រូបរបស់កម្ពុជា ដែលត្រូវប្រកួតជាមួយអ្នកប្រដាល់បរទេសនោះរួមមាន៖ ឃីម បូរ៉ា , ឡុង សុភី , រិទ្ធ ភូលូ , អ៊ូច ធារិទ្ធ និង ធន់ សាក់ស៊ីន ។
សូមកុំភ្លេចចូលរួមទស្សនាដោយសេរី នៅស្ទីយោម៉ាស៊ីនត្រជាក់ CTN ឫស្សីកែវ រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង១១ថ្ងៃត្រង់តទៅ៕