លោក Carlo Ancelotti គ្រូបង្វឹក Real Madrid បានបង្ហាញខ្លួននៅតុលាការ សម្រាប់ដំណើរការថ្ងៃដំបូងនៃការកាត់ក្តីដែល លោកត្រូវបានចោទប្រកាន់ពីបទខកខានមិនបានបង់ពន្ធចំនួន ១ លានអឺរ៉ូ លើប្រាក់ចំណូលពីសិទ្ធិរូបភាពក្នុងអំឡុងពេលការដឹកនាំដំបូងជាមួយក្រុមអធិរាជស។
បុរសជនជាតិអ៊ីតាលី បុគ្គលល្បីឈ្មោះក្នុងវិស័យបាល់ទាត់ចុងក្រោយបង្អស់ដែលត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរពន្ធដា អេស្ប៉ាញពីបទក្លែងបន្លំពន្ធ។
រឿងពន្ធដា សម្រាប់បាល់ទាត់នៅអេស្ប៉ាញ គឺជាបញ្ហាស្មុគស្មាញមួយ ដោយក្នុងនោះមានករណីជាច្រើនបានកើតឡើង ដែលរួមមានដូចជា អតីតខ្សែប្រយុទ្ធ Real Madrid Cristiano Ronaldo និង Diego Costa របស់ Atlético Madrid ក៏ធ្លាប់ត្រូវបានជាប់ពាក់ព័ន្ធ ហើយរងការពិន័យយ៉ាងច្រើន។
សម្រាប់ករណីរបស់លោក Carlo Ancelotti ព្រះរាជអាជ្ញាកំពុងស្វែងរកការដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៩ ខែ និងពិន័យជាប្រាក់ចំនួន ៣,២ លានអឺរ៉ូសម្រាប់ការគេចមិនបង់ពន្ធចំនួន២ដង ក្នុងឆ្នាំ ២០១៤ និង ២០១៥។ លោក Ancelotti ត្រូវបានចោទប្រកាន់ថា លោកបានរាយការណ៍តែប្រាក់ឈ្នួលដែលលោកត្រូវបានបង់ដោយ Real Madrid ហើយមិនបានរាយការណ៍ប្រាក់ចំណូលពីសិទ្ធិរូបភាពរបស់លោកនៅក្នុងការប្រកាសពន្ធ។
ទោះកំពុងជួបការចោទប្រកាន់បែបនេះក្តី តែបុរស វ័យ៦៥ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោកមានទំនុកចិត្តទាំងស្រុងលើប្រព័ន្ធយុត្តិធម៌អេស្ប៉ាញ ហើយថាលោកកំពុងទន្ទឹងរង់ចាំការផ្តល់សក្ខីកម្មនៅក្នុងតុលាការ។
មុនពេលសវនាការ ព្រះរាជអាជ្ញាបាននិយាយថា អាជ្ញាធរពន្ធដាររបស់ប្រទេសអេស្ប៉ាញបានរឹបអូសបំណុល បូកនឹងការប្រាក់ពីលោក Ancelotti ។
ការកាត់ក្តីនេះគ្រោងនឹងធ្វើឡើងនៅក្នុងតុលាការទីក្រុង Madrid តែភាគីពាក់ព័ន្ធអាចឈានដល់កិច្ចព្រមព្រៀងក្រៅតុលាការ មុនពេលសវនាការចាប់ផ្តើម ឬនៅចំណុចណាមួយក្នុងដំណើរការនៃការកាត់ក្តី។
លោក Carlo Ancelotti បានត្រលប់មក Real Madrid វិញសម្រាប់តំណែងជាគ្រូបង្វឹកទី២ក្នុងឆ្នាំ ២០២១ បន្ទាប់ពីធ្លាប់ដឹកនាំដំបូងក្នុងឆ្នាំ ២០១៣-១៤។ រូបលោកបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៥ដង ក្នុងនាមជាគ្រូបង្វឹក, ដោយក្នុងនោះឈ្នះ ២ដងជាមួយ AC Milan និង៣ដងទៀត ជាមួយ Real Madrid ៕