ចក្រភពអង់គ្លេសមានភាគរយខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ ២០៣៥ បន្ទាប់ពីប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានពិពណ៌នាចំណាប់អារម្មណ៍របស់ខ្លួនថា វាជាការដេញថ្លៃត្រឹមត្រូវមួយ សម្រាប់ការប្រកួតនេះ ។
ប្រទេសអង់គ្លេស អៀរឡង់ខាងជើង ស្កុតឡេន និង វែល បានប្រកាសកាលពីខែមុនថា ពួកគេនឹងដាក់ដេញថ្លៃរួមគ្នាដើម្បីធ្វើជាសហម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកនារី។
នាយកប្រតិបត្តិសមាគមបាល់ទាត់អង់គ្លេស FA លោក Mark Bullingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានកិត្តិយសដែលជាអ្នកដេញថ្លៃតែមួយគត់សម្រាប់ FIFA Women’s World Cup 2035។ ការធ្វើជាម្ចាស់ផ្ទះ FIFA World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦៦ ជាមួយប្រទេសជិតខាងពិតជាពិសេសណាស់។ ការដេញថ្លៃដ៏ល្អបំផុតអាចធ្វើទៅបាននៅចុងឆ្នាំនេះ។”
សហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ CONCACAF ក៏បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០៣១ ។
លោក Infantino បានថែ្លងថា “យើងបានទទួលការដេញថ្លៃមួយសម្រាប់ឆ្នាំ ២០៣១ និងការដេញថ្លៃដ៏ត្រឹមត្រូវមួយទៀតសម្រាប់ឆ្នាំ ២០៣៥ ។ ការដេញថ្លៃឆ្នាំ ២០៣៥ គឺមកពីអឺរ៉ុប ។”
សមាជិកត្រូវតែដាក់សំណើដេញថ្លៃជាផ្លូវការទៅកាន់ FIFA ក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។ បច្ចុប្បន្ន FIFA គ្រោងនឹងបញ្ជាក់ពីម្ចាស់ផ្ទះ World Cup នារី សម្រាប់ឆ្នាំ ២០៣១ និងឆ្នាំ ២០៣៥ នៅមហាសន្និបាត FIFA លើកទី ៧៦ នៅត្រីមាសទីពីរឆ្នាំ ២០២៦។
កន្លងមក មានការស្នើអោយ អេស្ប៉ាញ ព័រទុយហ្គាល់ និង ម៉ារ៉ុក ដែលនឹងធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកបុរសឆ្នាំ ២០៣០ គ្រោងនឹងចាប់ផ្តើមការដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះបាល់ទាត់នារីទៀតនៅឆ្នាំ២០៣៥ តែក្រោយមកលោក Infantino បានថ្លែងថា ចក្រភពអង់គ្លេសបានដាក់ការដេញថ្លៃតែមួយគត់។ លោក Infantino ក៏បញ្ជាក់ដែរថា FIFA មានបំណងបង្កើនចំនួនក្រុមដែលចូលរួមប្រកួតបាល់ទាត់ពិភពលោកនារី ឆ្នាំ២០៣១ ឡើងដល់ ៤៨ក្រុម ដើម្បីអោយស្មើគ្នាក្នុងការប្រកួតផ្នែកបុរស។
ដោយឡែក សំណើរបស់ FIFA ក្នុងការបង្កើនចំនួនក្រុមនារីនៅអូឡាំពិកពី ១២ ឡើងទៅ ១៦ ត្រូវបានច្រានចោលដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ។ ប្រសិនបើការជាប់គាំងមិនអាចដោះស្រាយបាន ប្រធាន FIFA បាននិយាយថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកគ្រោងនឹងកាត់បន្ថយចំនួនក្រុមបុរស ដើម្បីអនុញ្ញាតអោយមានក្រុមនារីកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍អូឡាំពិក៕