ប្រមុខសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បាននិយាយបញ្ជាក់ច្បាស់ៗថា ក្លិបបាល់ទាត់ ឬ ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងត្រូវបានពិចារណាអនុញ្ញាតអោយចូលរួមការប្រកួតរបស់ UEFA វិញ នៅពេលដែលស្ថានភាពរវាងរុស្ស៊ី និង អ៊ុយក្រែនល្អប្រសើរឡើងវិញ។
កាលពីឆ្នាំ ២០២២ ទាំងស្ថាប័នបាល់ទាត់ពិភពលោក FIFA និង សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានដាក់ពិន័យ ប្រទេសរុស្ស៊ី មិនអោយចូលរួមការប្រកួ្ថតបាល់ទាត់ពានរង្វាន់ស្ថាប័នរបស់ពួកគេ ព្រោះតែរុស្ស៊ី បានធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។
និយាយនៅក្នុង សន្និបាតប្រចាំឆ្នាំរបស់ស្ថាប័ន UEFA នាទីក្រុង Belgrade ប្រទេសសែប លោក Aleksander Ceferin បាននិយាយថា “ការសម្រេចចិត្តបណ្តេញរុស្ស៊ី ចេញពីការប្រកួតរបស់ UEFA គឺជាការចូលរួមប្រឆាំងរុស្ស៊ី និងផ្តល់ការគាំទ្រទៅកាន់អ៊ុយក្រែន។ អំពីការរួមបញ្ចូលក្រុមរុស្ស៊ី ខ្ញុំបាននិយាយថាច្រើនដងហើយ ថាខ្ញុំអាចធ្វើវាឡើងវិញបាន។ ហើយប្រសិនបើខ្ញុំធ្វើវាម្តងទៀត លុះត្រាតែស្ថានភាពតានតឹង បានធូរស្រាលសិន។”
ដោយឡែក នៅក្នុងកិច្ចប្រជុំនៅទីក្រុង Belgrade នោះដែរ ក្រុមប្រឹក្សារបស់ UEFA បានបោះឆ្នោតជ្រើសរើសសមាជិកថ្មីនៃគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន ដែលក្នុងនោះមានបេក្ខភាព ៥ នាក់នឹងតំណាងអោយទ្វីបអឺរ៉ុបនៅលើក្រុមប្រឹក្សារបស់ FIFA ។
កន្លងទៅ ប្រធាន FIFA លោក Gianni Infantino ក៏បានប្រកាសថា លោកនឹងពិចារណាលើសំណើពង្រីកការប្រកួតបាល់ទាត់ពិភពលោកបុរស ឆ្នាំ ២០៣០ ទៅជាទម្រង់ ៦៤ ក្រុម។
បញ្ហានេះ លោក Ceferin បានប្រាប់អ្នកយកព័ត៌មានថា លោកមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននៃសំណើនេះ ហើយថាលោកគិតថា វាជាគំនិតមិនល្អដែលនឹងមិនមានការគាំទ្រពី UEFA ទេ៕