×

Paris St Germain ដណ្តើមបានជើងឯកលីគកំពូលបារាំងទោះសល់៦ប្រកួតទៀត

ក្រុម Paris St Germain បានក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់លីគកំពូលបារាំង Ligue 1 រដូវកាលនេះ បន្ទាប់ពីយកឈ្នះក្រុម Angers ១-០ កាលពីចុងសប្តាហ៍កន្លងទៅ។

ការប្រកួតចំនួន ២៨សប្តាហ៍កន្លងមក ក្រុម Paris St Germain នៅតែមិនស្គាល់ការបរាជ័យ ដែលលទ្ធផលដ៏ល្អប្រសើរនេះបានធ្វើអោយពួកគេ ឈ្នះពាន Ligue 1 ជាលើកទី៤ ជាប់គ្នាបើទោះជាសល់៦ប្រកួតទៀតក្តី។

ក្រុមរបស់លោកគ្រូបង្វឹក Luis Enrique បានឈ្នះ ២៣ដង ស្មើ៥ដង ដែលធ្វើអោយពួកគេមាន ៧៤ពិន្ទុ នាំមុខក្រុមលេខ២ Marseille ដល់ទៅ ២២ពិន្ទុ ហើយបើទោះជា Paris St Germain ចាញ់ ការប្រកួតដែលនៅសល់ទាំងអស់ ក៏ពួកគេនៅតែធានាតំណែងជើងឯកបានដដែល។

នេះជាលើកទី៤ជាប់ៗគ្នា ដែល Paris St Germain បានឈ្នះជើងឯក Ligue 1 រាប់ចាប់តាំងពីការឈ្នះនៅក្នុងរដូវកាល ២០២១-២២មក។

វាក៏ជាលើកទី១៣ ដែលក្រុមចាយលុយធំបារាំងមួយនេះ បានឈ្នះជើងឯកលីគកំពូលបារាំង ដែលធ្វើអោយពួកគេជាក្រុមដែលឈ្នះពានរង្វាន់ច្រើនជាងគេ។

នៅរដូវកាលនេះ Paris St Germain ទទួលលទ្ធផលល្អមែនទែន ដោយពានរង្វាន់ក្នុងស្រុកពួកគេបានឈ្នះ Ligue 1 និង French Super Cup រួចហើយ។ ពួកគេនៅមានពានរង្វាន់ French Cup នៅក្នុងដៃ ដោយត្រូវជួបក្រុម Reims នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២៤ ខែឧសភា ខាងមុខ។

នៅពានរង្វាន់អន្តរជាតិវិញ Paris St Germain បានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដោយត្រូវប៉ះ Aston Villa ហើយការប្រកួតធ្វើឡើង២ជើង នៅក្នុងខែមេសានេះ។
ពួកគេក៏នឹងមានការប្រកួតពានរង្វាន់ FIFA Club World Cup 2025 ដែលនឹងចាប់ផ្តើមការប្រកួត ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ ១៣ ខែកក្កដា នាទឹកដីសហរដ្ឋអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង