លោក Jose Mourinho គ្រូបង្វឹក Fenerbahce បានរងការពិន័យពីសហព័ន្ធបាល់ទាត់តួកគី TFF បន្ទាប់ពីលោកបានទៅចាប់ច្រមុះរបស់លោក Okan Buruk គ្រូបង្វឹក Galatasaray ក្រោយបញ្ចប់ការប្រកួត នៅពេលក្រុមចាញ់ ក្នុងជំនួប Istanbul Derby ក្នុងលទ្ធផល ២-១ នៃពានរង្វាន់ Turkish Cup វគ្គ ៨ក្រុមចុងក្រោយ។
ក្រុមភ្ញៀវ Galatasaray ស៊ុតបាល់បញ្ចូលទី ២គ្រាប់ រកបានដោយ Victor Osimhen ខណៈគ្រាប់ទី២របស់គេជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ រីឯគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះ Fenerbahce រកបានដោយកីឡាករ Sebastian Szymanski។
លើសពីនេះ ក្រុមកីឡាករទាំងសងខាង ក៏បានប៉ះទង្គិចលើទីលាន បង្កភាពចម្រូងចម្រាស ហើយធ្វើអោយអាជ្ញាកណ្តាលបណ្តេញកីឡាករ នាក់ចេញពីទីលាន ដោយមានកីឡាករ ២នាក់ របស់ Galatasaray និងម្នាក់របស់ Fenerbahce ។
ក្រោយបញ្ចប់ការប្រកួត លោក Jose Mourinho បានដើរសំដៅ ទៅប៉ះមុខ លោក Okan Buruk ហើយក្រោយមកគ្រូបង្វឹកក្រុម Galatasaray នោះក៏បានឃើញដេកដួលនៅលើទីលាន។ ករណី នេះ ធ្វើអោយលោក Jose Mourinho ជួបបញ្ហាជាថ្មីម្តងទៀត ដោយខាង TFF ក៏បានសម្រេចផាកពិន័យរូបលោកជាទឹកប្រាក់ប្រមាណ ៦ពាន់ផោន។ បុរសជនជាតិព័រទុយហ្កាល់ ក៏ជាប់បម្រាមមិនអោយចូលក្នុងទីលានប្រកួត ចំនួន៣ប្រកួតផងដែរ។
នេះមិនមែនជាករណីថ្មីទេ ដែលលោក Jose Mourinho ទទួលរងពិន័យ ក្នុងការប្រកួតនៅទឹកដីរបស់តួកគី។ កាលពីខែកុម្ភៈកន្លងទៅ ក្រុម Galatasaray បានចោទប្រកាន់លោក Mourinho ថា បាននិយាយប្រមាថ និងរើសអើងលើក្រុមកីឡាករ Galatasaray ប្រៀបដូចជាសត្វស្វា បន្ទាប់ពីការប្រកួតស្មើ ០-០ អំឡុងជំនួបពានរង្វាន់ Super Lig របស់តួកគី។ កាលនោះលោក Mourinho រងពិន័យចំនួន ៤ប្រកួត ឯណោះ។
ក្រោយមកទៀត លោក Mourinho បាននិយាយរិះគន់ចំពោះការកាត់សេចក្តីការប្រកួតរបស់អាជ្ញាកណ្តាល ដែលបានធ្វើអោយលោករងពិន័យជាទឹកប្រាក់បន្ថែមទៀត៕