សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសពីការដាក់ពិន័យជាផ្លូវការលើកីឡាកររបស់ ក្រុម Real Madrid ចំនួន ៣ រូបរួមមាន Antonio Rudiger, Kylian Mbappe និង Dani Ceballos ជុំវិញការប្រើកាយវិការអបអរមិនសមរម្យទល់នឹងក្រុម Atletico Madrid នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League។
រឿងរ៉ាវដ៏ចម្រូងចម្រាស់នេះបានកើតឡើង បន្ទាប់ពីកីឡាករ Real Madrid ទាំង ៣ រូបខាងដើមបាន បង្ហាញកាយវិការអបអរជ័យជំនះដែលមានលក្ខណៈមិនសមរម្យ ទៅកាន់ក្រុម Atletico Madrid ក្រោយពួកគេទម្លាក់ក្រុមរួមលីគមួយនេះចេញពីពាន UEFA Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះនៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-២។
នៅក្នុងការអបអរ ខ្សែការពារ Antonio Rudiger បានបង្ហាញកាយវិការអបអរ ដោយយកមេដៃធ្វើចលនាកាត់បំពង់ក ទៅកាន់អ្នកគាំទ្រ Atletico Madrid ក្រោយរូបគេទាត់បាល់បានសម្រេច រីឯ Kylian Mbappe វិញ អបអរដោយប្រើកាយវិការចាប់ប្រដាប់ភេទខ្លួនឯង ខណៈកីឡាករ២រូបទៀតគឺ Vinicius Junior និង Dani Ceballos ក៏រួមចំណែកក្នុងការអបអរមិនសមរម្យនោះដែរ។
យ៉ាងណាមិញ ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ UEFA បានចេញសេចក្តីសម្រេចជាផ្លូវការ ដោយបានពិន័យលើ Rudiger ជាទឹកប្រាក់ចំនួន ៤០,០០០ អឺរ៉ូ, Mbappe ចំនួន ៣០,០០០ អឺរ៉ូ និង Ceballos ចំនួន ២០,០០០ អឺរ៉ូ។
បែបនេះក្តី វាអាចថាជាដំណឹងល្អផងដែរ ដែលកីឡាករទាំង ៣ រូប មិនត្រូវបានរងពិន័យព្យួរឈ្មោះមិនអោយចូលរួមការប្រកួតនៅក្នុងពាន UEFA Champions League នោះ។
ដោយឡែក Vinicius Junior វិញ ក៏បានចូលរួមក្នុងការអបអរនេះផងដែរ ប៉ុន្តែគិតត្រឹមពេលនេះ UEFA មិនទាន់ចេញសេចក្តីសម្រេចដាក់ពិន័យលើរូបគេនៅឡើយទេ ដោយពេលនេះកីឡាករសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតបន្តទៀតសិន។
ដោយឡែក ក្រោយឈ្នះក្រុម Atletico Madrid រួមពេលនេះ ក្រម Real Madrid បានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ត្រូវជួប Arsenal ហើយការប្រកួតធ្វើឡើងចំនួន២ជើង នាខែមេសានេះ៕