គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានសម្រេចចិត្តជាថ្មី ដោយបានជ្រើសរើស ខ្សែប្រយុទ្ធ Kylian Mbappe ធ្វើជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ផ្តាច់មុខប្រចាំក្រុមតែម្តង។
ការសម្រេចចិត្តជាថ្មីនេះបានកើតឡើង បន្ទាប់ពីបុរសជនជាតិអ៊ីតាលី ទទួលបានការខកចិត្តម្តងហើយម្តងទៀត ជុំវិញការស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូលរបស់កូនក្រុមខ្លួន។
ជាក់ស្តែង ការប្រកួតក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍ កន្លងទៅ Vinicius Junior ទើបតែស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល ជាហេតុធ្វើអោយ Real Madrid បរាជ័យក្រោមថ្វីជើងក្រុម Valencia ដោយលទ្ធផល ២-១ ។
ការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ Real Madrid ក្នុងរដូវកាលនេះ ភាគច្រើនគឺត្រូវរ៉ាប់រងដោយ Kylian Mbappe, Vinicius Junior និង Jude Bellingham។
យ៉ាងណាមិញ ការស៊ុតសរុបចំនួន ១៥ លើករបស់កីឡាករទាំង ៣ នាក់ គឺបានខកខានដល់ទៅ ៥ លើកឯណោះ ដោយក្នុងនោះ Mbappe ស៊ុត ៨ លើក មិនចូល ២ លើក ខណៈ Vinicius Junior ស៊ុត ៥ លើកមិនចូល ២លើក និង Bellingham ស៊ុត ២ លើក មិនចូល ១ លើក។
ដោយសារតែស្ថិតិមិនល្អបែបនេះ បានធ្វើអោយលោក Carlo Ancelotti សម្រេចចិត្ត គិតគូសាជាថ្មី ហើយចុងក្រោយលោកបានជ្រើសរើស Kylian Mbappe ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រផ្តាច់មុខតែម្តង។
Real Madrid បច្ចុប្បន្នកំពុងឈរលេខ២ ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga ដោយមាន ៦៣ពិន្ទុ តិចជាងក្រុមកំពូលតារាង Barcelona ចំនួន៤ពិន្ទុ ក្រោយឆ្លងកាត់ ៣០ប្រកួតដូចគ្នា។
ដោយឡែក ក្រុម Real Madrid នឹងត្រូវបន្តការប្រកួតរបស់ខ្លួនក្នុងពានរង្វាន់ UEFA Champions League ដោយត្រូវប៉ះ Arsenal ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៅយប់នេះ នៅកីឡដ្ឋាន Emirates ៕