ក្រុម Barcelona បានយកឈ្នះទៅលើក្រុម Borussia Dortmund ដោយលទ្ធផល ៤-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League ក្នុងទឹកដីបណ្តោះអាសន្នរបស់ក្រុមអ្នកមានបុណ្យ Estadi Olímpic Lluís Companys ។
ការប្រកួតកាលពីយប់មិញ Raphinha ជាអ្នករកគ្រាប់បើកឆាកនៅក្នុងនាទី ២៥ ដោយវគ្គទី១ មានគ្រាប់បាល់ចូលទីតែ១លើកនេះ។
នៅក្នុងវគ្គទី២ Barcelona បន្តវាយសម្រុករកបាន ៣គ្រាប់ផ្ទួនៗគ្នាទៀត ដែលធ្វើបានដោយ Robert Lewandowski នៅនាទី៤៨ និង នាទី៦៦ ហើយ១គ្រាប់ចុងក្រោយធ្វើបានដោយ Lamine Yamal នៅនាទី៧៧។ សម្រាប់ក្រុមភ្ញៀវ Borussia Dortmund វិញ មិនមានឱកាសក្នុងការវាយលុកយកគ្រាប់មកវិញទេ ទោះបានព្យាយាមច្រើនដងក៏ដោយ។
ការឈ្នះដោយលទ្ធផល ៤-០ ទៅលើគូប្រជែងបែបនេះ ចាត់ទុកជា លទ្ធផលដ៏ល្អប្រសើរ ហើយនឹងជួយក្រុម Barcelona មានភាគរយខ្ពស់នៅក្នុងការសម្លឹងមើលកៅអីទៅកាន់វគ្គបន្ត។ បែបនេះក្តី គ្រូបង្វឹក Barcelona លោក Hansi Flick បែរជាយល់ថា ក្រុមរបស់លោកនៅតែមិនទាន់ខ្លាំងកា្លគ្រប់គ្រាន់ ហើយមានចំណុចដែលត្រូវអភិវឌ្ឍន៍បន្ថែមទៀត។
លោក Hansi Flick បានលើកឡើងដូច្នេះថា “ខ្ញុំនៅតែត្រូវការអោយកីឡាកររបស់ខ្ញុំ ធ្វើការងារអោយបានប្រសើរជាងនេះបន្ថែមទៀត។ ខ្ញុំមើលឃើញថា មានចំណុចខ្លះដែលយើងធ្វើមិនបានល្អ។ យើងនឹងធ្វើការវិភាគនូវការប្រកួតនេះឡើងវិញ ហើយខ្ញុំនឹងប្រាប់ទៅកាន់កីឡាករទាំងអស់ពីចំណុចទាំងអស់នោះ ប៉ុន្តែសម្រាប់ខ្ញុំយើងនៅតែត្រូវការធ្វើអោយប្រសើរជាងនេះ។ យ៉ាងណា ខ្ញុំពិតជាសប្បាយចិត្តជាមួយលទ្ធផលនៅពេលនេះ តែវាគ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ។”
សូមបញ្ជាក់ថា Barcelona នឹងត្រូវជួប Borussia Dortmund ម្តងទៀត សម្រាប់ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដែលនឹងឡើងនៅកីឡដ្ឋាន Signal Iduna Park ជាទឹកដីរបស់ Dortmund វិញម្ដង នៅថ្ងៃទី១៦ ខែមេសា ខាងមុខ ៕