×

ក្របខណ្ឌ Serie A ផ្អាកការប្រកួតក្រោយការសោយទីវង្គត់របស់សម្តេចប៉ាប Francis

សម្តេចប៉ាប Francis ថ្នាក់ដឹកនាំសាសនាចក្ររ៉ូម៉ាំងកាតូលិក ជនជាតិអាមេរិកឡាទីនដំបូង បានសោយទីវង្គត់ហើយក្នុងព្រះជន្ម ៨៨ឆ្នាំ។ នេះបើតាមការប្រកាសពីបុរីវ៉ាទីកង់។

បន្ទាប់ពីការសោយទីវង្គត់របស់ សម្តេចប៉ាប Francis មនុស្សជាច្រើនក្នុងវិស័យកីឡា រួមទាំងក្រុមធំៗនៅ Serie A និង La Liga បានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ ហើយក្នុងនោះដែរក្របខណ្ឌ Serie A បានពន្យារពេលការប្រកួតទាំងអស់នៅថ្ងៃចន្ទ ។

លីគបាល់ទាត់កំពូលរបស់អ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការសោយទិវង្គតនៃភាពបរិសុទ្ធរបស់សម្តេចប៉ាប Francis ក្របខណ្ឌ Serie A អាចបញ្ជាក់ថាការប្រកួតលីគនៅថ្ងៃចន្ទ ត្រូវបានពន្យារពេល។”

ការប្រកួតទាំងអស់ត្រូវបានកំណត់ឡើងវិញនៅថ្ងៃពុធ ដោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ជើងទី២រវាង Inter Milan និង AC Milan នឹងចាប់ផ្តើមនៅពេលវេលាដដែល ដូចដែលបានគ្រោងទុក។

ក្រៅពីការប្រកួតបាល់ទាត់ហើយ គណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសអ៊ីតាលី CONI បានអំពាវនាវអោយការប្រកួតកីឡាទាំងអស់ដែលគ្រោងធ្វើនៅថ្ងៃចន្ទត្រូវបានពន្យារពេល។
សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រធាននៃ CONI លោក Giovanni Malago, អញ្ជើញសហព័ន្ធកីឡាជាតិ, សមាគមកីឡាដែលពាក់ព័ន្ធ និងស្ថាប័នផ្សព្វផ្សាយកីឡាអោយផ្អាកសកម្មភាពកីឡាទាំងអស់ដែលបានគ្រោងទុក។”

សម្រាប់ការវិលមកកាន់ការប្រកួតកីឡាវិញដែរ CONI ក៏អះអាងថា គ្រប់ការប្រកួតទាំងអស់នៅអ៊ីតាលី នឹងត្រូវធ្វើការស្មឹងស្មាធមុនការប្រកួតចាប់ផ្តើម១នាទី សម្រាប់សប្តាហ៍នេះ ដើម្បីជាការកាន់ទុក្ខ និង គោរពវិញ្ញាណខ័ន្ឌ ចំពោះការសោយទិវង្គតរបស់សម្តេចប៉ាប Francis ។

ដោយឡែក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានបង្ហោះនៅលើបណ្តាញសង្គម X ដោយនិយាយថា ជាមួយនឹងការសោយទិវង្គតរបស់សម្តេចប៉ាប Francis យើងកំពុងបាត់បង់មិត្តដ៏អស្ចារ្យ និងអ្នកគាំទ្រចលនាអូឡាំពិកដ៏លេចធ្លោមួយរូប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង