លោក Hansi Flick គ្រូបង្វឹករបស់ Barcelona បាននិយាយថា អ្នកចាំទី Marc-Andre Ter Stegen បានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រលប់មកទីលានវិញ បន្ទាប់ពីរូបគេបានជួបប្រទះបញ្ហារបួសរយៈពេលវែងរួចមក។
បន្ទាប់ពីសម្រាកជិត៧ខែ ដោយសារតែសរសៃពួរនៅជង្គង់ស្តាំ អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីត្រលប់មកទីលានវិញ។ Barcelona កំពុងរៀបចំផែនការដើម្បីកំណត់ពេលវេលាដ៏ល្អប្រសើរសម្រាប់ការត្រឡប់មកវិញរបស់គេ។
ដំណឹងល្អនេះ បានកើតឡើងចំពេលដែលខ្សែប្រយុទ្ធ Robert Lewandowski អាចនឹងអវត្តមានរយៈពេល ៣ សប្តាហ៍ ដែលជាការប៉ះទង្គិចដ៏ខ្លាំងសម្រាប់ Barcelona ដែលប្រឈមមុខនឹង Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League នៅសប្តាហ៍ខាងមុខនេះ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតលីគរបស់ Barcelona ទល់នឹង Mallorca លោក Flick បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលរំពឹងទុកនៃការអវត្តមានរបស់ខ្សែប្រយុទ្ធប៉ូឡូញទេ។ Lewandowski គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ La Liga ក្នុងរដូវកាលនេះ ដោយរកបាន ២៥ គ្រាប់ ច្រើនជាង Kylian Mbappe របស់ Real Madrid ចំនួន៣គ្រាប់។
នៅពេលដែលត្រូវបានសួរនាំពីលទ្ធភាពនៃការចូលលេងរបស់ Marc-Andre Ter Stegen ក្រោយអវត្តមានរយៈពេលយូរនោះ លោក Hansi Flick បានអោយដឹងថា “ Marc-Andre Ter Stegen បានត្រៀមខ្លួនរួចរាល់ហើយ។ យើងត្រូវនិយាយអំពីអ្វីដែលយើងចង់ធ្វើ ហើយខ្ញុំបាននិយាយជាមួយគេ។ ដូច្នេះយើងដឹងហើយថា យើងគួរធ្វើដូចម្តេចសម្រាប់ការប្រកួតរបស់យើង។”
Barcelona ដែលកំពុងឈរកំពូងតារាងពិន្ទុ La Liga ដោយមាន ៧៣ ពិន្ទុនឹងប្រកួតជាមួយក្រុមលេខ ៧ Mallorca នៅកីឡដ្ឋាន Estadi Olímpic Lluís Companys នៅយប់នេះ។
បន្តពីនោះ Barcelona នឹងមានការប្រកួតសំខាន់មួយទៀត គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa del Rey ដែលនឹងត្រូវជួបគូប្រជែង Real Madrid នាកីឡដ្ឋាន La Cartuja ចុងសប្តាហ៍នេះ៕