លីគបាល់ទាត់អាហ្សង់ទីន បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់ជាបណ្តោះអាសន្ន ក្រោយពេលដែល សម្តេចប៉ាប Francis បានសោយទីវង្គត់ ។ ការប្រកួតមួយចំនួនចំថ្ងៃមរណភាពរបស់ សម្តេចប៉ាប គឺត្រូវលើកពេល។
តាមការប្រកាសរបស់បុរីវ៉ាទីកង់ សម្តេចសង្ឃកាតូលិកអង្គនេះ បានសោយទីវង្គត ក្នុងព្រះជន្ម ៨៨ ព្រះវស្សា នៅនិវេសនដ្ឋាន Saint Martha House។ សម្តេចប៉ាប Francis គឺជាមេដឹកនាំសាសនាចក្ររ៉ូម៉ាំងកាតូលិក ដើមកំណើតជាជនជាតិអាមេរិកឡាទីន ដំបូងគេបង្អស់ ហើយក៏ជាអ្នកគាំទ្រកីឡាបាល់ទាត់ដ៏ខ្លាំងក្លាមួយរូបពេញមួយជីវិត។
នៅប្រទេសអាហ្សង់ទីន សមាគមបាល់ទាត់អាហ្សង់ទីន AFA បានប្រកាសផ្អាករាល់ការប្រកួតបាល់ទាត់ទាំងអស់ ដើម្បីកាន់ទុក្ខមរណភាពសម្តេចប៉ាប។ សម្រេចប៉ាប ជាអ្នកគាំទ្រការប្រកួត និងជាអ្នកគាំទ្រក្រុម San Lorenzo ស្ថិតក្នុងទីក្រុង Buenos Aires ថែមទៀតផង។ ទីក្រុង Buenos Aires ជាទីក្រុងកំណើតរបស់សម្តេចប៉ាប Francis។
សមាគមបាល់ទាត់អាហ្សង់ទីន បានប្រកាសពីការសម្រេចចិត្តផ្អាកការប្រកួតក្នុងលីគរបស់ខ្លួនដូច្នេះថា “បាល់ទាត់អាហ្សង់ទីន សូមនិយាយថាលាហើយទៅកាន់អ្នកលាយឡំដោយទុក្ខសោក។”
AFA ក៏បានបន្ថែមថា នៅពេលការប្រកួតចាប់ផ្តើមដំណើរឡើងវិញក្នុងប្រទេសអាហ្សង់ទីន រាល់ការប្រកួតទាំងអស់ ក៏នឹងត្រូវរៀបចំពិធីកាន់ទុក្ខ ជាការឈរនៅចំកណ្តាលទីលាន ដោយភាពស្ងៀមស្ងាត់រយៈពេល ១នាទី៕