កីឡាករស្លូវេនី Tadej Pogačar បានទទួលជ័យជំនះនៅក្នុងការប្រកួតប្រណាំងកង់កម្មវិធី La Flèche Wallonne ។
ការប្រកួតនេះមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីតំបន់ Ciney ទៅកាន់តំបន់ Huy ប្រទេសបែលហ្ស៊ីក លើរយៈចម្ងាយផ្លូវប្រមាណ ២០៥,២ គីឡូម៉ែត្រ។
យ៉ាងណា Tadej Pogačar កាន់ចង្កូតអោយក្រុម UAE Team Emirates អាចជិះមកដល់ទីព្រ័ត្រមុនគេ ប្រើពេលអស់ ៤ម៉ោង ៥០នាទី និង ១៥វិនាទី។ កីឡាករបារាំង Kévin Vauquelin មកពីក្រុម Arkéa–B&B បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ១០វិនាទី ហើយកីឡាករអង់គ្លេស Tom Pidcock មកពីក្រុម Pro Cycling បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ១២វិនាទី។
សូមបញ្ជាក់ថា កម្មវិធី La Flèche Wallonne គឺជាទីលានទី១៨ ក្នុងចំណោម ៣៦ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៥នេះ។
ការប្រកួតជាបន្ត ទីលានទី១៩ ជាកម្មវិធី Liège–Bastogne–Liège ធ្វើឡើងនាប្រទេសបែលហ្ស៊ីកដដែល ថ្ងៃទី ២៧ ខែមេសា ខាងមុខនេះ៕