×

គ្រូ Real Madrid នៅតែផ្តោតលើការដឹកនាំក្រុមទោះមានការវែកញែកពីអនាគតខ្លួន

Real Madrid ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ ៨ក្រុម ខណៈសល់ឱកាសស្តួចស្តើងប្រជែងពាន La Liga រដូវកាល ២០២៤-២៥។

លទ្ធផលនេះ ធ្វើអោយមានមតិជាច្រើនលើកឡើង និងវែកញែកអំពីអនាគតរបស់គ្រូបង្វឹក លោក Carlo Ancelotti ប៉ុន្តែបុរសសញ្ជាតិអ៊ីតាលី បានឆ្លើយតបថាលោកមិនបានខ្វាយខ្វល់អំពីរឿងរ៉ាវទាំងនេះទេ។

បញ្ហាតំណែងរបស់លោក Carlo Ancelotti កំពុងត្រូវបានលើកឡើង ក្រោយពេល Real Madrid ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើង Arsenal សរុបលទ្ធផលទាំង ២ជើង ៥-១ ។

មកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា លោក Ancelotti អាចនឹងចុះចេញពីតំណែងនៅចុងបញ្ចប់រដូវកាល ហើយបន្តចាប់យកតំណែងជាគ្រូបង្វឹកជម្រើសជាតិប្រេស៊ីល។

ទាក់ទងទៅនឹងអនាគតនៅ Real Madrid លោក Carlo Ancelotti បានឆ្លើយតបដូច្នេះថា “វាជាឆ្នាំប្រកួតប្រជែងដ៏តឹងតែងជាងឆ្នាំមុន។ អ្នកមើលឃើញជោគជ័យឆាប់រហ័សពេក ហើយវានឹងបង្កើនបញ្ហាតានតឹងដល់អ្នក តែភាពតានតឹងគឺបានផ្តល់ថាមពលដ៏ខ្ញុំ វាមិនបានរំខានខ្ញុំនោះទេ វាជួយអោយខ្ញុំ គិតបានច្រើន និងរកដំណោះស្រាយបញ្ហាដែលកើតមាន។”

Real Madrid ទើបតែបានយកឈ្នះ Getafe លទ្ធផល ១-០ ហើយពួកគេកំពុងតែប្រដេញតាមប្រជែងពានក្របខណ្ឌ La Liga ពីក្រុម Barcelona ដែលកំពុងឈរនៅកំពូលតារាង មានចំនួន ៧៦ពិន្ទុ ខណៈក្រុមអធិរាជស ឈរនៅលំដាប់លេខ ២ មានចំនួន ៧២ពិន្ទុ ក្រោយឆ្លងកាត់៣៣ប្រកួតដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង