Real Madrid នឹងបាត់សមាជិកសំខាន់ៗ ២រូបបន្ថែម នោះគឺខ្សែការពារ David Alaba និងខ្សែបម្រើ Eduardo Camavinga សម្រាប់ជំនួបផ្តាច់ព្រ័ត្រពានរង្វាន់ Copa Del Rey ទល់នឹង Barcelona។
គ្រាប់បាល់ស៊ុតបញ្ចូល ១គ្រាប់ របស់ Arda Guler ជួយបន្តក្តីសង្ឃឹមដល់ Real Madrid ឈ្នះ Getafe រកបាន ៧២ពិន្ទុ ដើម្បីប្រដេញប្រកៀកនឹងក្រុមកំពូលតារាង Barcelona ដែលមាន ៧៦ពិន្ទុ ក្នុងតារាងពិន្ទុលីគកំពូលអេស្ប៉ាញ ។
យ៉ាងណាមិញ ការប្រកួតនេះក៏បានធ្វើអោយក្រុម លោក Carlo Ancelotti ខាតបង់ធំ ត្រង់ថាកីឡាករសំខាន់ៗ ក៏ជួបបញ្ហារបួសដូចគ្នា ខណៈការប្រកួតសំខាន់វគ្គផ្តាច់ព្រ័ត្រ Copa Del Rey ទល់នឹងគូប្រជែង Barcelona កាន់តែខិតមកដល់។ បន្ទាប់ពីកីឡាករសំខាន់រួមមាន Kylian Mbappe និង Ferland Mendy របួស ពេលនេះ David Alaba និង Eduardo Camavinga របួសថែមទៀត។
ស្របពេល Mendy, Alaba និង Camavinga សុទ្ធសឹងតែមានភាគរយខ្ពស់ក្នុងការបាត់មុខ គ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក៏នឹងសម្លឹងមើលឱកាសដាក់ប្រើប្រាស់កីឡាករវ័យក្មេងដែលនៅសេសសល់ អោយចូលលេងវិញ។
រដូវកាល ២០២៤-២៥ ជាពេលដ៏លំបាកសម្រាប់ Real Madrid ដោយការប៉ះគ្នា ២លើក ទល់នឹង Barcelona ពួកគេរងបរាជ័យទាំងអស់ ដោយកាលពីខែតុលា ឆ្នាំ ២០២៤ ក្រុមការពារជើងឯក La Liga ចាញ់លទ្ធផល ៤-០។ កាលពីខែមករា ដើមឆ្នាំ ២០២៥ Real Madrid បន្តចាញ់លទ្ធផល ៥-២ វគ្គផ្តាច់ព្រ័ត្រ Spain Super Cup នៅអារ៉ាប៊ីសាអូឌីត៕