×
ព័ត៌មានថ្មី

គ្រូ Barcelona សរសើរកីឡាករខ្លួនក្រោយឈ្នះ Real Madrid បានជើងឯក Copa del Rey

គ្រូបង្វឹក Barcelona លោក Hansi Flick បានបង្ហាញពីភាពរីករាយ និងធ្វើការលើកសរសើរកីឡាករខ្លួនមិនដាច់ពីមាត់ក្រោយពីពួកគេបានយកឈ្នះក្រុម Real Madrid ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Copa del Rey។

ជាការពិត ខ្សែការពារ Jules Kounde ជាអ្នករកបានគ្រាប់បាល់ជ័យជំនះនៅនាទីបន្ថែមជួយ Barcelona ឈ្នះ Real Madrid ដោយលទ្ធផល ៣-២ វគ្គផ្តាច់ព្រ័ត្រ លើកពានរង្វាន់ Copa del Rey នៅកីឡដ្ឋាន La Cartuja។ Copa del Rey ជាពានរង្វាន់កម្រិតទី២អេស្ប៉ាញ ដែលក្រុមរហស្សនាមអ្នកមានបុណ្យទទួលបានជាលើកទី៣២ ច្រើនដាច់គេ ។

គ្រាប់បាល់ទាំង៣គ្រាប់របស់ Barcelona កើតឡើងដោយ Pedri នាទី២៨ Ferran Torres នាទី៨៤ និង Jules Kounde នាទី១១៦ ខណៈ២គ្រាប់របស់ Real Madrid កើតឡើងដោយ Kylian Mbappé នាទី៧០ និង Aurélien Tchouaméni នាទី៧៧។ ការប្រកួតនេះដែរ Real Madrid ទទួលបានកាតក្រហមដល់ទៅ៣ដង។ វាជាលទ្ធផលខកចិត្តរបស់ Real Madrid ប៉ុន្តែសម្រាប់ Barcelona វិញពាន Copa del Rey ជាពានទី១ របស់ ពួកគេនៅរដូវកាលនេះ ក្នុងចំណោមពានរង្វាន់ចំនួន ៣ ដែលក្រុមលោក Hansi Flick ដាក់គោលដៅដណ្តើមអោយបានក្នុងមួយរដូវកាល។

យ៉ាងណា សម្រាប់ការធ្វើបានល្អរបស់កូនក្រុមនេះដែរ បានធ្វើអោយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Hansi Flick មានភាពសប្បាយរីករាយមែនទែន និង បានលើកសរសើរកីឡាកររបស់ខ្លួនដូច្នេះថា “ក្នុងពេលដែលកីឡាករខ្ញុំរកបានគ្រាប់បាល់ជាបន្តបន្ទាប់រហូតបានឈ្នះការប្រកួត វាក៏ជាពេលដ៏រីករាយមួយ ហើយខ្ញុំបានឃើញការអបអរសាទរអំពីអ្នកគាំទ្រ និងក្រុមការងាររបស់យើង វាពិតជាមិនគួរអោយជឿ។ ដូច្នេះ ពួកគេសមនឹងទទួលបានវា ហើយខ្ញុំពិតជាសប្បាយចិត្ត។ វាជាការឈ្នះដ៏ធំ ហើយយើងកាន់តែរីករាយប្រជែងពានរង្វាន់នានាទៀត។”

ក្រៅពី Copa del Rey ហើយ Barcelona បានឈានដល់វគ្គ៤ក្រុមចុងក្រោយ UEFA Champions League និងកំពុងមានប្រៀបលើ Real Madrid ទៀតក្នុងការប្រជែងជើងឯក La Liga រដូវកាលនេះ។ Barca រកបាន៧៦ពិន្ទុ កំពុងនាំមុខ Real ៤ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣៣លើកនៅលីគកំពូលអេស្ប៉ាញ ស្របពេលការប្រកួតនៅសល់៥លើកនឹងបញ្ចប់រដូវកាលនេះ។ Barcelona គ្រងជើងឯក Copa del Rey ៣២លើក ច្រើនដាច់គេ តាមពីក្រោយដោយ Athletic Bilbao ឈ្នះ ២៤លើក និង Real Madrid នៅលេខ៣ ឈ្នះ ២០លើក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង