×

កីឡាករកេនយ៉ា Sabastian Sawe ឈ្នះជើងឯកកម្មវិធី London Marathon 2025

ការប្រកួតរត់ម៉ារ៉ាតុន កម្មវិធី London Marathon 2025 បានបញ្ចប់ហើយ កាលពីចុងសប្តាហ៍កន្លងទៅ ដោយការប្រកួតធ្វើឡើងនាទីក្រុងឡុង ប្រទេសអង់គ្លេស។

ការប្រកួតនេះ អ្នកចូលរួមទាំងអស់ត្រូវធ្វើការរត់លើចម្ងាយផ្លូវប្រមាណ ៤២,១៩៥ គីឡូម៉ែត្រ ហើយនៅក្នុងនោះ គេក៏បានរកឃើញអ្នកឈ្នះជើងឯកផ្នែកបុរសផងដែរ នោះគឺកីឡាករ កេនយ៉ា Sabastian Sawe ដោយប្រើពេលអស់ ២ម៉ោង ២នាទី និង ២៧វិនាទី ដើម្បីបញ្ចប់ទីព្រ័ត្រ។

ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអ៊ូហ្កង់ដា Jacob Kiplimo ដែលម្ចាស់កំណត់ត្រាពិភពលោករត់ពាក់កណ្តាលម៉ារ៉ាតុង ដោយបានប្រើពេលអស់ ២ម៉ោង ៣នាទី និង ៣៧វិនាទី។ ចំណាត់ថ្នាក់លេខ៣បានទៅលើម្ចាស់ជើងឯក London Marathon ឆ្នាំ២០២៤ គឺកីឡាករកេនយ៉ា Alexander Mutiso Munyao ប្រើពេលអស់ ២ម៉ោង ៤នាទី និង២០វិនាទី។

ងាកមកខាងការប្រកួតផ្នែកនារីវិញ កីឡាករការិនីអេត្យូពី Tigst Assefa ជាអ្នកទទួលបានជ័យជំនះដោយរត់មកដល់ទីព្រ័ត្រមុនគេ ប្រើពេលអស់ ២ម៉ោង ១៥នាទី និង ៥០វិនាទី។ ជោគជ័យនេះដែរ នារីវ័យ ២៨ឆ្នាំ បានបំបែកកំណត់ត្រារត់ម៉ារ៉ាតុនផ្នែកនារី លឿនជាងគេរបស់ កីឡាការិនីកេនយ៉ា Peres Jepchirchir ដែលប្រើពេលអស់ ២ម៉ោង ១៦នាទី និង ១៦វិនាទី ក្នុងកម្មវិធី London Marathon កាលឆ្នាំ២០២៤។

លេខ២បានទៅលើកីឡាការិនីកេនយ៉ា Joyciline Jepkosgei ប្រើពេលអស់ ២ម៉ោង ១៨នាទី និង៤៤វិនាទី ហើយកីឡាការិនីហូឡង់ Sifan Hassan បានចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ២ម៉ោង ១៩នាទី និង០០វិនាទី។

London Marathon 2025 គឺជាការដំណើរការលើកទី៤៥នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការប្រកួតឆ្នាំនេះក៏មានកំណត់ត្រាអ្នកចូលរួមប្រកួតច្រើនជាងគេផងដែរ គឺមានរហូតដល់ទៅ ៥៦០០០ នាក់ឯណោះ។

សូមបញ្ជាក់ដែរថា London Marathon ក៏ជាការប្រកួតរត់ម៉ារ៉ាតុនកម្រិតពិភពលោក World Marathon Majors ១ក្នុងចំណោម៧ ដោយការប្រកួតផ្សេងទៀតមាន Tokyo Marathon, Boston Marathon, Sydney Marathon, Berlin Marathon, Chicago Marathon និង New York Marathon៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង