ខ្សែការពារកណ្តាល Antonio Rudiger របស់ Real Madrid កំពុងតែប្រឈមមុខនឹងការត្រូវទទួលរងពិន័យព្យួរការប្រកួតពី ៤ ទៅ ១២ ប្រកួតឯណោះ ដោយសាររូបគេបានបញ្ចេញកាយវិការមិនសមរម្យអំឡុងការប្រកួតទល់នឹង Barcelona កាលពីពេលកន្លងទៅ។
ជាការពិត នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ដែល Real Madrid បានរងបរាជ័យក្រោមថ្វីជើងក្រុម Barcelona ដោយលទ្ធផល ៣-២ មានកីឡាកររបស់ Real Madrid ចំនួន ៣ នាក់ ដែលទទួលបានកាតក្រហមនៅចុងម៉ោង ដែលក្នុងនោះមាន Antonio Rudiger, Lucas Vazquez និង Jude Bellingham។
យ៉ាងណាមិញ ក្នុងចំណោមកីឡាករទាំង ៣ នាក់នោះ គឺ Antonio Rudiger បានក្លាយជាមុខសញ្ញា ដែលអាចទទួលរងពិន័យធ្ងន់ជាងគេ ដោយសាររូបគេបានប្រើកាយវិការច្រឡោតខ្លាំងដោយបានគប់ដុំទឹកកក ទៅលើមន្ត្រីអាជ្ញាកណ្តាលលោក Ricardo de Burgos Bengoetxea។
តាមរយៈកាយវិការមិនសមរម្យបែបនេះ សារព័ត៌មាន Cadena SER បានរាយការណ៍ថា កីឡាករសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣២ ឆ្នាំ អាចនឹងត្រូវពិន័យព្យួរការប្រកួតពី ៤ ទៅ ១២ ប្រកួត។
បន្ថែមពីនេះ បើសិនជាការស៊ើបអង្កេតបន្ថែម រកឃើញថា កំហុសរបស់ Antonio Rudiger មានចេតនាធ្ងន់ធ្ងរនោះ នោះការពិន័យអាចកើនឡើង ពី ៣ ដល់ ៦ ខែ ឬ អាចឈានដល់រយៈពេល១ឆ្នាំពេញ៕