សហព័ន្ធបាល់ទាត់ប្រេស៊ីល CBF បានបង្ហាញក្តីរំពឹងថា គ្រូបង្វឹក Real Madrid លោក Carlo Ancelotti នឹងអាចក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ។
ទោះជាមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយធ្វើឡើង ប៉ុន្តែមានការបង្ហើបថា លោក Carlo Ancelotti និង CBF បានឈានដល់ការជជែកគ្នា ទៅលើការងារតំណែងគ្រូបង្វឹកជម្រើសជាតិ នឹងថែមទាំងប្រាប់ទៅ CBF អោយចាប់ផ្តើមគម្រោងរបស់ពួកគេ។
កិច្ចសន្យារបស់ លោក Ancelotti ជាមួយ Real Madrid មានសពុលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ប៉ុន្តែបុរសសញ្ជាតិអ៊ីតាលី ត្រូវបានគេរាយការណ៍ថា នឹងចូលជជែកជាមួយលោក Florentino Perez ប្រធានក្លិប ទាក់ទងនឹងកិច្ចព្រមព្រៀង ដើម្បីចាកចេញពី Real Madrid ពេលចប់រដូវកាល។
រដូវកាល ២០២៤-២៥ ជាពេលដ៏លំបាកមួយសម្រាប់លោក Ancelotti ដោយ Real Madrid បានរបូតពានរង្វាន់ចំនួន៣ ដោយបរាជ័យក្រោមថ្វីជើងគូប្រជែង Barcelona ក្នុងជំនួបពានរង្វាន់ Spain Super Cup និង Copa Del Rey និង បានធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ក្រុងចុងក្រោយ ក្រោមថ្វីជើង Arsenal ខណៈការប្រជែងពាន La Liga មួយចុងក្រោយ ក៏កាន់តែតានតឹង។
ទំនងមិនអាចឈ្នះបានពានរង្វាន់ណាមួយរដូវកាលនេះ បានធ្វើអោយកៅអីរបស់បុរសវ័យ៦៥ឆ្នាំ ក៏នឹងមានបញ្ហា ហើយ Real Madrid ក៏បង្ហាញបំណងចង់បានគ្រូបង្វឹកថ្មីមកដឹកនាំក្រុម រដូវកាលក្រោយ។
សម្រាប់ ក្រុមជម្រើសជាតិប្រេស៊ីលវិញ មិនទាន់មានគ្រូបង្វឹកទេ ចាប់តាំងពីបណ្តេញលោក Dorival Junior នៅខែមីនា ក្រោយពេលក្រុមចាញ់ក្រោមថ្វីជើងក្រុមអាហ្សង់ទីន នៅវគ្គជម្រុះ FIFA World Cup 2026 តំបន់ CONMEBOL ។ ប្រេស៊ីលបច្ចុប្បន្ន ឈរចំណាត់ថ្នាក់លេខ៤ ក្នុងតារាងវគ្គជម្រុះ ហើយការប្រកួត ២លើកបន្តទៀត នឹងត្រូវប៉ះអេក្វាទ័រ និងប៉ះ ប៉ារ៉ាហ្គាយ នៅខែមិថុនាខាងមុខ៕