
ក្រុម Barcelona បានជួបលទ្ធផលស្មើគ្នា ទល់នឹងក្រុម Inter Milan នៅក្នុងការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។
ការប្រកួតនោះ ក្រុមភ្ញៀវ Inter Milan បាននាំមុខមុនដោយ Marcus Thuram ទាត់ចូលទីយ៉ាងស្អាត តាំងពីនាទី១ ហើយ Denzel Dumfries បានទាត់ចូលទីក្នុងនាទី២១ បង្កើនការនាំមុខគ្រាប់ទី២ដល់ Inter Milan។ យ៉ាងណា ក្រុមម្ចាស់ផ្ទះ Barcelona បានប្រឹងប្រែងវាយសម្រុក រហូតតាមបាន២គ្រាប់ស្មើគ្នាវិញ ដោយ Lamine Yamal នៅនាទី២៤ និង Ferran Torres នាទី៣៨ មុនចប់វគ្គទី១។
នៅក្នុងវគ្គទី២ Denzel Dumfries បានបន្តរកគ្រាប់បាល់នាំមុខសាជាថ្មីសម្រាប់ Inter Milan ដោយការតែត ក្នុងនាទី៦៤ ប៉ុន្តែរំលងពីនោះបានតែជាង១នាទី Yann Sommer បានភ្លាត់អោយបាល់ចូលទីខ្លួនឯង ដើម្បីផ្តល់លទ្ធផលស្មើគ្នាម្តងទៀតដល់ Barcelona។ នាទីនៅសល់មិនមានគ្រាប់បាល់ចូលទីទៀតទេ ដោយលទ្ធផលស្មើគ្នា ៣-៣ បានរក្សាដល់ចប់ការប្រកួតនាកីឡដ្ឋាន Estadi Olímpic Lluís Companys។
ទោះជាមានលទ្ធផលស្មើគ្នាក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក Barcelona លោក Hansi Flick នៅតែមានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុម។
លោក Hansi Flick បានអោយដឹងក្រោយចប់ការប្រកួតថា “ការលេងរបស់ក្រុមនៅតែល្អ ដូចរបៀបដែលយើងលេងកន្លងមក។ មែនហើយ យើងមិនបានចាប់ផ្តើមល្អទេ ព្រោះយើងបានជួបក្រុមល្អមួយនិងពិបាកយកឈ្នះ ប៉ុន្តែកីឡាករគ្រប់គ្នា នៅតែលេងដោយមានជំនឿចិត្តដដែល។ ខ្ញុំពេញចិត្តចំពោះអ្វីដែលកីឡាករបានធ្វើ ហើយក៏សង្ឃឹមថា យើងនឹងធ្វើវាអោយកាន់តែល្អសម្រាប់ការប្រកួតបន្ទាប់។”
Barcelona និង Inter Milan ធ្លាប់ប៉ះគ្នាចំនួន ១១លើក រួចមកហើយគិតត្រឹមពេលនេះ ក្នុងពានរង្វាន់ UEFA Champions League ដោយក្នុងនោះ Barcelona ឈ្នះចំនួន ៦លើក ស្មើ ៥ និងចាញ់ ២លើក។ ការប៉ះគ្នាចុងក្រោយបង្អស់ក្នុងវគ្គចែកពូល Barcelona បញ្ចប់ត្រឹមលទ្ធផលស្មើ ៣-៣ កាលពីឆ្នាំ ២០២២។ កាលពីឆ្នាំ ២០១០ Inter Milan ធ្លាប់ទម្លាក់ Barcelona ចេញពីពាននេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផលសរុបទាំងពីរជើង ៣-២។
ក្រុមទាំង២នៅជួបគ្នាម្តងទៀត សម្រាប់ការប្រកួតជើងទី២ ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃទី ៦ ខែឧសភា ខាងមុខនេះ នាកីឡដ្ឋាន San Siro របស់ Inter Milan វិញម្តង៕