ការប្រណាំងកង់កម្មវិធី Tour de Romandie 2025 បានឈានដល់ដំណាក់កាលទី៥ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ ធ្វើឡើងនាទីក្រុង Genève ប្រទេសស្វីស។
ការប្រកួតនេះកីឡាករទាំងអស់ត្រូវធ្វើការជិះលើចម្ងាយផ្លូវត្រឹមតែ ១៧,១ គីឡូម៉ែត្រប៉ុណ្ណោះ ហើយក្នុងនោះ កីឡាករបែលហ្ស៊ីក Remco Evenepoel មកពីក្រុម Soudal–Quick-Step ជាអ្នកទទួលបានជ័យជំនះ ដោយប្រើពេល ២០នាទី និង៣៣វិនាទី។
យ៉ាងណា គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីទាំងមូលផងដែរ នោះគឺកីឡាករព័រទុយហ្កាល់ João Almeida មកពីក្រុម UAE Team Emirates ដោយការប្រកួត ៥ដំណាក់កាលកន្លងមក រូបគេបានប្រើពេលវេលាសរុបអស់តែ ១៦ម៉ោង ៥០នាទី និង ៤៤វិនាទី។ កីឡាករបារាំង Lenny Martinez មកពីក្រុម Bahrain Victorious ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី ដោយយឺតជាង អ្នកឈ្នះជើងឯកតែ ២៦វិនាទី ហើយកីឡាករអូស្ត្រាលី Jay Vine មកពីក្រុម UAE Team Emirates ទទួលបានចំណាត់ថ្នាក់លេខ៣ នៃកម្មវិធី ដោយយឺតជាង អ្នកឈ្នះជើងឯក ចំនួន ៤១វិនាទី។
សូមបញ្ជាក់ថា កម្មវិធី Tour de Romandie គឺជាទីលានទី២០ ក្នុងចំណោម៣៦នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក ផ្នែកបុរស UCI World Tour រដូវកាល ២០២៥នេះ។
ការប្រកួតដែលកីឡាករនឹងត្រូវប្រកួតប្រជែងជាបន្តគឺជាកម្មវិធី Giro d’Italia ធ្វើឡើងចាប់ពីថ្ងៃទី ៩ ខែឧសភា ដល់ ថ្ងៃទី១ ខែមិថុនា ខាងមុខ នាប្រទេសអ៊ីតាលី៕