កីឡាករវាយកូនបាល់ដែលកំពុងឈរលំដាប់លេខ១ពិភពលោក Jannik Sinner កៀកនឹងវិលត្រលប់មកកាន់ការប្រកួតលើទីលានវិញហើយ បន្ទាប់ពីរួចផុតបម្រាមទៅលើការហាមឃាត់ការប្រើប្រាស់សារធាតុប៉ូវកម្លាំងរយៈពេល ៣ ខែ។
បុរសជនជាតិអ៊ីតាលី វ័យ២៣ឆ្នាំ បានទទួលយកបម្រាមនេះកាលពីខែកុម្ភៈ បន្ទាប់ពីមានដំណោះស្រាយជាមួយអង្គភាពប្រឆាំងគ្រឿងញៀនពិភពលោក WADA ដែលបានប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា CAS ប្រឆាំងនឹងការសម្រេចចិត្តរបស់សាលាក្តីឯករាជ្យកាលពីខែសីហា ។
Jannik Sinner បានធ្វើតេស្តវិជ្ជមានចំពោះសារធាតុ Anabolic Clostebol ដែលរូបគេបាននិយាយថា រូបគេមានសារធាតុនេះ ព្រោះតែបានប្រើប្រាស់ថ្នាំដើម្បីព្យាបាលបញ្ហាសុខភាព។ ទោះមានបញ្ហាក្តីក្តាំង តែមុនជាប់បម្រាម Sinner បានឈ្នះពានរង្វាន់កម្រិត Grand Slam ដើមឆ្នាំ២០២៥ គឺពានរង្វាន់ Australian Open កាលពីខែមករា ។ បន្ទាប់មក Sinner ត្រូវបានបង្ខំអោយនៅក្រៅទីលាន ព្រោះការជាប់បម្រាមនោះ ប៉ុន្តែឥឡូវនេះ រូបគេបានត្រលប់មកហ្វឹកហាត់វិញសម្រាប់ព្រឹត្តិការណ៍ Italian Open នៅខែក្រោយ។
រឿងរ៉ាវក្តីក្តាំងរបស់ Jannik Sinner ក៏បាននាំមកនូវការរិះគន់ជាច្រើន ដែលការកាត់ក្តី និងការដាក់បម្រាមហាក់មានភាពអយុត្តិធម៌ ដោយក្នុងនោះ អតីតកីឡាការិនីវាយកូនបាល់អាមេរិក Serena Williams បាននិយាយថា នាងអាចនឹងត្រូវជាប់បម្រាមរយៈពេល ២០ ឆ្នាំ ហើយ ពានរង្វាន់ Grand Slam ទាំងឡាយដែលនាងបានឈ្នះ នឹងត្រូវគេដកហូតវិញ ប្រសិនបើនាងធ្វើតេស្តវិជ្ជមានសារធាតុហាមឃាត់ តាមរបៀបស្រដៀងគ្នាទៅនឹង Jannik Sinner ៕