
ក្លិបម៉ិកស៊ិក Club Leon នឹងនៅតែត្រូវបណ្តេញចេញពីការប្រកួត FIFA Club World Cup 2025 ក្រោយប្តឹងឧទ្ធរណ៍របស់ក្លិបប្រឆាំងនឹងការសម្រេចចិត្តរបស់ FIFA ត្រូវបានតុលាការអាជ្ញាកណ្តាលកីឡា CAS បដិសេធ។
ជាការពិត Club Leon បានបំពានច្បាប់របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដោយសារបរាជ័យក្នុងការបំពេញតាមលក្ខណៈវិនិច្ឆ័យ ចំពោះការមានម្ចាស់តែមួយ ដូចទៅនឹង CF Pachuca ដែលជាក្លិបគ្រោងបញ្ចូលឈ្មោះដើម្បីបំពេញជំនួសក្នុងការប្រកួតវិញ ។ Club Leon និង CF Pachuca សុទ្ធសឹងតែជាក្លិបស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Grupo Pachuca ដោយដំបូងក្លិបទាំង២មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោយការឈ្នះពានរង្វាន់ Concacaf Champions Cup ដាច់ដោយឡែកពីគ្នា។ Club Leon ឈ្នះពាន Concacaf Champions Cup នៅក្នុងឆ្នាំ២០២៣ ចំណែកក្លិប CF Pachuca ឈ្នះពានក្នុងឆ្នាំ២០២៤។
យ៉ាងណា ក្លិប Liga Deportiva Alajuelense មកពីកូស្តារីកា បានពាក្យប្តឹងក្លិបម៉ិកស៊ិកទាំង ២ ទៅកាន់ FIFA កាលពីខែវិច្ឆិកា ដោយផ្អែកលើគោលការណ៍សិទ្ធិការប្រកួត។ ក្រោយមក FIFA ក៏បានរកឃើញថាក្លិបមកពីម៉ិកស៊ិកទាំង២ មិនមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ ក្នុងនាមជាក្លិប ស្ថិតក្រោមការគ្រប់គ្រងតែមួយ រហូតត្រូវបានគណៈកម្មាធិការវិន័យ FIFA សម្រេចចិត្តដក Club Leon មិនអោយចូលប្រកួតវិញ។
ដើមឡើយ Club Leon ត្រូវបានចាប់ចូលក្នុងពូល D នៃការប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដោយស្ថិតក្នុងពូលជាមួយនឹង Chelsea មកពីអង់គ្លេស, Flamengo មកពីប្រេស៊ីល និង Esperance មគពីទុយណេស៊ី។ សម្រាប់បញ្ហានេះ ក្លិបម៉ិកស៊ិក Club Leon ក៏នឹងដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់ CAS ដើម្បីប្រឆាំងទៅនឹងការដកឈ្មោះចេញពីការប្រកួត FIFA Club World Cup 2025 វិញដែរ ប៉ុន្តែត្រូវបានស្ថាប័ននេះបដិសេធទៀត ដែលមានន័យថា Club Leon នឹងនៅតែត្រូវដកឈ្មោះចេញពីការប្រកួតដដែល។
សម្រាប់បញ្ហានេះដែរ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ស្ថាប័ន នឹងសម្លឹងរកការរៀបចំការប្រកួតវគ្គ Playoff រវាង Los Angeles FC និង Club America ដើម្បីសម្រេចថាតើក្រុមណានឹងជំនួស Leon ក្នុងការប្រកួត FIFA Club World Cup 2025 ៕