×

ក្រុមប្រណាំងរថយន្ត F1 Alpine-Renault នាំយកកីឡាករថ្មីមកប្រណាំង៥ទីលានបន្ទាប់

ក្រុមប្រណាំងរថយន្ត F1 Alpine-Renault បានបញ្ជាក់ថា កីឡាករអាហ្សង់ទីន Franco Colapinto នឹងជំនួសកីឡាករអូស្ត្រាលី Jack Doohan សម្រាប់ការប្រណាំងចំនួន ៥ ទីលាន បន្ទាប់ ដោយចាប់ផ្តើមចាប់ពីទីលាន Emilia-Romagna Grand Prix តទៅ។

កីឡាករ Jack Doohan អាយុ ២២ ឆ្នាំ បានបរាជ័យក្នុងការរកបានពិន្ទុក្នុងការប្រណាំងចំនួន ៦ទីលានកន្លងមក ក្នុងរដូវកាលនេះ ។

ទីប្រឹក្សាប្រតិបត្តិរបស់ក្រុម Alpine-Renault លោក Flavio Briatore បាននិយាយថា “យើងបានឈានដល់ការសម្រេចចិត្តដាក់កីឡាករ Franco Colapinto នៅក្នុងក្រុមជាដៃគូប្រជែជាមួយកីឡាករបារាំង Pierre Gasly ប៉ុន្តែយើងក៏នៅតែបន្តគាំទ្រ Jack Doohan ដដែល។”

ក្រុម Alpine-Renault បានចុះហត្ថលេខាលើ Franco Colapinto ពីក្រុម Williams-Mercedes ក្នុងនាមជាកីឡាករបម្រុងមុនពេលចាប់ផ្តើមរដូវកាល។ រូបគេបានធ្វើការប្រណាំងបាន ៩ ដងសម្រាប់ Williams-Mercedes កាលពីឆ្នាំមុនក្នុងនាមជា កីឡាករជំនួសកីឡាករអាមេរិក Logan Sargeant និងទទួលបាន ៥ ពិន្ទុជាមួយនឹងការបញ្ចប់ដ៏ល្អបំផុតនៅចំណាត់ថ្នាក់លេខ ៨ នៅទីលាន Azerbaijan ។

ដោយឡែក ការប្រណាំងរថយន្ត F1 បានបន្តឈានដល់ទីលានទី៧ហើយ ដែលជាកម្មវិធី Emilia Romagna Grand Prix។ ការប្រកួតនឹងធ្វើឡើង នាទីក្រុង Imola ប្រទេសអ៊ីតាលី ថ្ងៃទី ១៨ ខែឧសភា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង