
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបើកកិច្ចប្រជុំមួយជាមួយរដ្ឋាភិបាលអាមេរិក ក្នុងគោលបំណងរកដំណោះស្រាយ ជុំវិញការបន្ថយរយៈពេលធ្វើទិដ្ឋាការធ្វើដំណើរមកប្រទេសនេះក្នុងឆ្នាំ ២០២៦ ដើម្បីទស្សនាការប្រកួត FIFA World Cup។
ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រុមប្រឹក្សា FIFA រួមបញ្ចូលទាំងតំណាងមកពីក្រសួងការបរទេសអាមេរិក និងនាយកដ្ឋានសន្តិសុខជាតិអាមេរិក ដែលផ្តល់ការណែនាំអំពីបញ្ហាទាក់ទងនឹងការទទួលស្គាល់ ការធ្វើដំណើរទៅកាន់អាមេរិក ដោយសុវត្ថិភាព ព្រមទាំងការដឹកជញ្ជូនគណៈប្រតិភូ ដែលនឹងមកចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ។
តែយ៉ាងណាក៏ដោយ បញ្ហាពេលវេលាធ្វើទិដ្ឋាការ ដើម្បីធ្វើដំណើរទៅអាមេរិក គឺក្តីបារម្ភចម្បងត្រូវបានលើកឡើងមកជជែក រកដំណោះស្រាយពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់មុនពេលការប្រកួត FIFA World Cup 2026 ចូលមកដល់។
ប្រជាជនមកពីបណ្តាញប្រទេសមួយចំនួន ដែលមានទំនាក់ទំនងពុំសូវល្អជាមួយនឹងអាមេរិក អាចនឹងមានរយៈពេលយូរជិតមួយឆ្នាំ លើការធ្វើទិដ្ឋាការ ខណៈប្រទេសមានទំនាក់ទំនងល្អ មានភាពងាយស្រួលលើការធ្វើទិដ្ឋាការ ហើយខ្លះទៀតអាចស្នាក់នៅអាមេរិករហូតដល់ ៩០ថ្ងៃ ដោយមិនចាំបាច់ត្រូវការឯកសារផ្លូវការ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងដំណើរការ ចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ដោយមានសហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក ធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត៕