
កីឡដ្ឋាន Los Angeles Memorial Coliseum និងកីឡដ្ឋាន SoFi Stadium នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នឹងត្រូវប្រើប្រាស់ជាទីតាំងផ្លូវការសម្រាប់ពិធីបើក និង បិទ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដូវក្តៅឆ្នាំ ២០២៨។ នេះបើតាមការប្រកាសពីគណៈកម្មាធិការរៀបចំអូឡាំពិក LA28។
ពិធីបើកនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៨ នឹងត្រូវធ្វើឡើងនាកីឡដ្ឋាន Los Angeles Memorial Coliseum ដែលនឹងជាកីឡដ្ឋានប្រវត្តិសាស្ត្រដំបូងគេសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន ៣ ដង។
ប្រធាន LA28 លោក Casey Wasserman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កន្លែងដែលត្រូវបានជ្រើសរើសសម្រាប់ពិធីបើក និងបិទ អូឡាំពិកឆ្នាំ ២០២៨ នឹងបង្ហាញពីប្រវត្តិកីឡាដ៏សម្បូរបែប និងអនាគតដ៏ទំនើបរបស់ទីក្រុង Los Angeles ដោយបង្ហាញនូវអ្វីដែលល្អបំផុតដែល LA28 មានផ្តល់ជូននៅលើឆាកពិភពលោក។ កន្លែងដ៏អស្ចារ្យទាំងពីរនេះនឹងបង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដោយស្វាគមន៍អ្នកគាំទ្រពីជុំវិញពិភពលោកទៅកាន់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក។
សម្រាប់ពិធីបើកកីឡាប៉ារ៉ាឡាំពិកនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៨ នឹងធ្វើឡើងនៅ កីឡដ្ឋាន SoFi Stadium ខណៈពិធីបិទនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៨ នឹងធ្វើឡើងនាកីឡដ្ឋាន Los Angeles Memorial Coliseum ។ ទីក្រុង Los Angeles ធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ១៩៣២ និង ១៩៨៤ ប៉ុន្តែឆ្នាំ ២០២៨ នឹងក្លាយជាលើកដំបូងរបស់ទីក្រុងនេះដែលធ្វើជាម្ចាស់ផ្ទះកីឡាប៉ារ៉ាឡាំពិក។ ពិធីបើកកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង គេបានឃើញក្រុមអត្តពលិកមកពីប្រជាជាតិនានា ធ្វើការហែក្បួននៅលើទូកតាមដងទន្លេ Seine ក្នុងទស្សនីយភាពទាក់ទាញ យ៉ាងក្រៃលែង ទោះបីជាការរំខានតិចតួចដោយអាកាសធាតុភ្លៀងធ្លាក់ក៏ដោយ។
សម្រាប់ពិធីបិទអូឡាំពិកឆ្នាំ២០២៤វិញ កាលណោះគេឃើញតារាភាពយន្ដដ៏ល្បី លោក Tom Cruise បានលោតពីលើដំបូលកីឡដ្ឋាន Stade de France ដើម្បីយកទង់ជាតិអូឡាំពិកត្រឡប់ទៅទីក្រុង Los Angeles ដើម្បីជាការបង្ហាញថា អូឡាំពិកនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកវិញ ៕