
ការប្រណាំងកង់កម្មវិធី Giro d’Italia 2025 បានបន្តឈានដល់ដំណាក់កាលទី៣ ហើយ កាលពីថ្ងៃអាទិត្យ ដែលធ្វើឡើងនាតំបន់ Vlorë ប្រទេសអាល់បានី។
ការប្រកួតមានចម្ងាយផ្លូវ ១៦០ គីឡូម៉ែត្រ ហើយក្នុងនោះកីឡាករដាណឺម៉ាក Mads Pedersen ជាអ្នកទទួលជ័យជំនះ ដោយសមាជិកក្រុម Lidl–Trek បានចាយពេលអស់ ៣ម៉ោង ៤៩នាទី និង ៤៧វិនាទី ។
កីឡាករនូវែលហ្សេឡង់ Corbin Strong មកពីក្រុម Israel–Premier Tech ទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករវេណេស៊ុយអេឡា Orluis Aular មកពីក្រុម Movistar ទទួលបានចំណាត់ថ្នាក់លេខ៣។
ជ័យជំនះនេះដែរ បានធ្វើអោយ Mads Pedersen ឡើងទៅឈរកំពូលតារាងពេលវេលាសរុប ដោយប្រើពេល ៧ម៉ោង ៤២នាទី និង១០វិនាទី។
កម្មវិធី Giro d’Italia មានទាំងអស់ ២១ដំណាក់កាល ដោយ៣ដំណាក់កាលដំបូងនឹងធ្វើឡើងនាប្រទេសអាល់បានី មុនបន្តការប្រកួតមកកាន់ប្រទេសអ៊ីតាលី។ នៅថ្ងៃចន្ទនេះកីឡាករទាំងអស់នឹងត្រូវសម្រាក១ថ្ងៃ មុនបន្តការប្រកួតនៅថ្ងៃអង្គារ ដំណាក់កាលទី៤ ដែលធ្វើឡើងចាប់ពីតំបន់ Alberobello ទៅកាន់តំបន់ Lecce ភាគខាងត្បូងប្រទេសអ៊ីតាលី មានចម្ងាយផ្លូវប្រមាណ ១៨៩ គីឡូម៉ែត្រ។
សូមបញ្ជាក់ដែរថា កម្មវិធី Giro d’Italia គឺជាទីលាន ទី២ ក្នុងចំណោម៣ នៃការប្រណាំងកង់ Grand Tour ប្រចាំរដូវកាល និងជាទីលានទី២២ ក្នុងចំណោម ៣៦ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក ផ្នែកបុរស UCI World Tour រដូវកាល ២០២៥ នេះ៕