
កីឡាករអាល្លឺម៉ង់ Alexander Zverev និងកីឡាករអង់គ្លេស Jack Draper បានបន្តឡើងដល់ជុំទី៤ដូចគ្នា នៅក្នុងការប្រកួតវាយកូនបាល់ កម្មវិធី Italian Open 2025 ដែលធ្វើឡើងនាទីក្រុង Rome ប្រទេសអ៊ីតាលី។
សម្រាប់ Alexander Zverev ការឡើងមកនេះបន្ទាប់ពីកីឡាករដែលកំពុងឈរលេខ២ពិភពលោករូបនេះ បានយកឈ្នះកីឡាករលីទុយអានី Vilius Gaubas នៅក្នុងការប្រកួតជុំទី៣ ដោយលទ្ធផល 6-4 និង 6-0 ចាយពេលអស់១ម៉ោង កន្លះ។
Alexander Zverev នឹងទៅជួបកីឡាករបារាំង Arthur Fils ដែលបានទម្លាក់កីឡាករក្រិច Stefanos Tsitsipas។
ចំណែកឯ Jack Draper ដែលកំពុងកាន់កាប់ចំណាត់ថ្នាក់លេខ៥ពិភពលោកវិញ បានយកឈ្នះទៅលើកីឡាករឆេក Vít Kopřiva នៅក្នុងការប្រកួតជុំទី៣ ដោយលទ្ធផល 6-4 និង 6-3។
Jack Draper នឹងទៅជួបកីឡាករបារាំង Corentin Moutet ដែលបានទម្លាក់កីឡាករដាណឺម៉ាក Holger Rune។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីដែលកំពុងឈរលេខ១ពិភពលោកមកពីបែលឡារូស Aryna Sabalenka បានយកឈ្នះកីឡាការិនីអាមេរិក Sofia Kenin នៅក្នុងការប្រកួតជុំទី៣ ដោយលទ្ធផល 3-6 6-3 និង 6-3 ។
Aryna Sabalenka នឹងបន្តឡើងជុំទី៤ ជួបកីឡាការិនីអ៊ុយក្រែន Marta Kostyuk ដែលបានយកឈ្នះកីឡាការិនីកាណាដា Leylah Fernandez។
១គូទៀតគឺកីឡាការិនីអាមេរិក Coco Gauff បានយកឈ្នះកីឡាការិនីប៉ូឡូញ Magda Linette នៅក្នុងជុំទី៣ ដោយលទ្ធផល 7-5 និង 6-3។
Coco Gauff នឹងឡើងមកជួបកីឡាការិនីអង់គ្លេស Emma Raducanu ដែលបានទម្លាក់កីឡាការិនី រុស្ស៊ី Veronika Kudermetova៕