×

កីឡាករបារាំង Johann Zarco ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី French Motorcycle Grand Prix

កីឡាករម្ចាស់ផ្ទះ Johann Zarco បានទទួលជ័យជំនះការប្រណាំងម៉ូតូ GP កម្មវិធី French Motorcycle Grand Prix ដែលធ្វើឡើងនាទីក្រុង Le Mans ប្រទេសបារាំង។

ការប្រកួតនេះកីឡាករទាំងអស់ ត្រូវធ្វើការប្រជែងគ្នាជិះចំនួន ២៦ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ ១០៨,៨១០ គីឡូម៉ែត្រ ដោយក្នុងនោះកីឡាករ Johann Zarco កាន់ចង្កូតអោយក្រុម Honda បានបញ្ចប់ទីព្រ័ត្រ ចាយពេលអស់តែ ៤៥នាទីនិង៤៧វិនាទីចុច៥៤១។ ជ័យជំនះនេះបានធ្វើអោយកីឡាករវ័យ៣៤ឆ្នាំ ក្លាយជាកីឡាករបារាំងដំបូងគេក្នុងរយៈពេល ៧១ឆ្នាំ ដែលឈ្នះកម្មវិធី Motorcycle Grand Prix នេះ។

សម្រាប់ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអេស្ប៉ាញ Marc Márquez កាន់ចង្កូតអោយក្រុម Ducati យឺតជាងអ្នកលេខ១ចំនួន ១៩វិនាទី ចុច៩០៧ ហើយចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករអេស្ប៉ាញ Fermín Aldeguer មកពីក្រុម Ducati ដូចគ្នា យឺតជាងអ្នកលេខ១ ចំនួន ២៦វិនាទី ចុច៥៣២។

នៅតារាងពិន្ទុសរុបវិញ Marc Márquez កំពុងឈរកំពូលតារាង មាន ១៧១ ពិន្ទុ ខណៈប្អូនប្រុសរបស់គេគឺ Álex Márquez នៅលេខ២ មាន ១៤៩ពិន្ទុ ហើយកីឡាករអ៊ីតាលី Francesco Bagnaia នៅលេខ៣ មាន ១២០ពិន្ទុ។

ងាកមកកាន់ការប្រកួត Moto 2 វិញ កីឡាករត្រូវធ្វើការជិះតែ ២២ ជុំ ហើយជ័យជំនះបានទៅលើកីឡាករអេស្ប៉ាញ Manuel González មកពីក្រុម Kalex។

ការប្រកួត Moto 3 វិញ កីឡាករទាំងអស់ត្រូវធ្វើការជិះតែ២០ជុំទីលាន ជ័យជំនះបានទៅលើកីឡាករអេស្ប៉ាញ José Antonio Rueda មកពីក្រុម Red Bull KTM។

សូមបញ្ជាក់ថា កម្មវិធី French Motorcycle Grand Prix គឺជាទីលានទី៦ ក្នុងចំណោម ២២ នៃការប្រណាំងម៉ូតូ GP ពានរង្វាន់ Grand Prix Motorcycle Racing ជ្រើសរើសជើងឯកពិភពលោកឆ្នាំ ២០២៥។
ការប្រកួតជាបន្តដំណាក់កាលទី៧ ជាកម្មវិធី British Motorcycle Grand Prix ធ្វើឡើងនាទីក្រុង Silverstone ប្រទេសអង់គ្លេស ថ្ងៃទី ២៥ ខែឧសភា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង