×
ព័ត៌មានថ្មី

កីឡាករវាយកូនបាល់លេខ១ពិភពលោក Jannik Sinner ឡើងដល់វគ្គ៤នាក់ចុងក្រោយកម្មវិធី Italian Open 2025

ការប្រកួតវាយកូនបាល់កម្មវិធី Italian Open 2025 ផ្នែកបុរស បានបន្តឈានដល់វគ្គ៨នាក់ចុងក្រោយហើយ ដែលការប្រកួតបានធ្វើឡើងនាទីក្រុង Rome ប្រទេសអ៊ីតាលី។

នៅក្នុងនោះដែរ កីឡាករដែលកំពុងកាន់កាប់ចំណាត់ថ្នាក់លេខ១ពិភពលោក និង ជាម្ចាស់ផ្ទះផង គឺកីឡាករ Jannik Sinner បានយកឈ្នះទៅលើ កីឡាករន័រវេស Casper Ruud តាមរយៈលទ្ធផល 6-0 និង 6-1 ចាយពេលអស់ ៦៣នាទី។

Jannik Sinner នឹងបន្តឡើងទៅកាន់វគ្គ៤នាក់ចុងក្រោយ ជួបកីឡាករអាមេរិក Tommy Paul ដែលបានយកឈ្នះកីឡាករប៉ូឡូញ Hubert Hurkacz។

១គូទៀតក្នុងវគ្គ៨នាក់ចុងក្រោយនេះដែរ គឺកីឡាករម្ចាស់ផ្ទះ Lorenzo Musetti បានយកឈ្នះទៅលើកីឡាករដែលកំពុងឈរលេខ២ពិភពលោកមកពីអាល្លឺម៉ង់ Alexander Zverev តាមរយៈលទ្ធផល 7-6 និង 6-4 ដើម្បីឡើងទៅកាន់វគ្គ៤នាក់ចុងក្រោយជួបកីឡាករដែលកំពុងឈរលេខ៣ពិភពលោកមកពីអេស្ប៉ាញ Carlos Alcaraz ដែលបានយកឈ្នះកីឡាករអង់គ្លេស Jack Draper។

ក្រឡេកមកកាន់ការប្រកួតខាងផ្នែកនារីវិញម្តងគឺ កីឡាការិនីអាមេរិក Coco Gauff បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ទៅហើយ ក្រោយពីបានយកឈ្នះកីឡាការិនី ចិន Zheng Qinwen នៅក្នុងវគ្គ៤នាក់ចុងក្រោយដោយលទ្ធផល 7-6 4-6 និង 7-6។

កីឡាការិនី Coco Gauff នឹងបន្តមកជួបកីឡាការិនីម្ចាស់ផ្ទះ Jasmine Paolini ដែលបានវាយទម្លាក់កីឡាការិនីអាមេរិក Peyton Stearns៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង