×

គ្រូ Barcelona សរសើរការខិតខំរបស់កីឡាករ ក្រោយឈ្នះជើងឯក La Liga 2024-25

ក្រុម Barcelona បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ La Liga 2024-25 ក្រោយពីបានយកឈ្នះក្រុម Espanyol នៅក្នុងការប្រកួតនាកីឡដ្ឋាន Stage Front Stadium កាលពីយប់មិញ។

ការប្រកួតនៅក្នុងវគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ បើទោះជាមានការវាយសម្រុកយ៉ាងស្វិតស្វាញយ៉ាងណាក្តី។

ឈានចូលដល់វគ្គទី២ នាទី៥៣ Lamine Yamal បានធ្វើការស៊ុតបញ្ចូលទីបាល់កោង បញ្ចូលទី បំបែកភាពស្ងប់ស្ងាត់ និងជួយ Barcelona បើកការនាំមុខមុន។ សម្រាប់ក្រុមម្ចាស់ផ្ទះ Espanyol ក្រៅពីមិនមានឱកាសរកគ្រាប់បាល់ហើយ ពួកគេបាត់បង់សមាជិក១រូបទៀតដោយកីឡាករ Leandro Cabrera នៅនាទី៨០ ត្រូវរងពិន័យកាតក្រហម។ នាទី៩០+៥ Fermín López បានរកគ្រាប់បាល់១គ្រាប់ទៀត អោយ Barcelona ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល Barcelona ២ Espanyol ០។

ជ័យជំនះនេះបានធ្វើអោយ Barcelona ក្លាយជាម្ចាស់ជើងឯក La Liga ជាលើកទី២៨ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម ដោយមាន ៨៥ ពិន្ទុ ពីលើក្រុមលេខ២ Real Madrid ១៣ពិន្ទុ ខណៈការប្រកួតនៅសល់តែ២ដងទៀត។ រដូវកាលនេះ ក្រុមអ្នកមានបុណ្យបានប្រមូលយកពានរង្វាន់ក្នុងស្រុកទាំង៣ ដែលមាន La Liga, Copa del Rey និង Spanish Super Cup ក្រោមការដឹកនាំរដូវកាលដំបូងរបស់គ្រូបង្វឹកលោក Hansi Flick។

ភាពជោគជ័យដ៏មានមោនភាព បានធ្វើអោយ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ លោក Hansi Flick មានការសប្បាយចិត្តជាខ្លាំង និងបានផ្តល់គុណសម្បត្តិទៅអោយកីឡាករ និង បុគ្គលិករបស់ក្លិប ដែលបានប្រឹងប្រែងលះបង់ជួយក្រុមរហូតមក។

បុរស ៦០ឆ្នាំ បានអោយដឹងក្រោយចប់ការប្រកួតថា “ ខ្ញុំគិតថាខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីពន្យល់វាទេ ប៉ុន្តែខ្ញុំរីករាយនិងអោយតម្លៃខ្ពស់ ចំពោះវប្បធម៌ដែលយើងបានបង្កើត ភាពជាគ្រួសារដែលយើងបានបង្កើត។ គ្រប់គ្នាបានប្រឹងប្រែងធ្វើការងាររហូតទទួលបានជោគជ័យ វាជារឿងរីករាយណាស់ ហើយនេះជាលក្ខណៈពិសេសរបស់ក្រុមដែលយើងមាន។”

ដោយឡែក Barcelona នៅសល់ការប្រកួត La Liga 2024-25 ចំនួន២ប្រកួតទៀត ដោយត្រូវតទល់នឹង Villarreal ថ្ងៃទី ១៨ ខែឧសភា និង ប៉ះ Athletic Bilbao ថ្ងៃទី ២៥ ខែឧសភា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង