×

ប្រធាន FIFA គាំទ្រគំនិតបង្កើនចំនួនក្រុមដល់ទៅ ៦៤ ក្រុម សម្រាប់ World Cup 2030

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបង្ហាញការគាំទ្រទៅលើ ការផ្តួចផ្តើមគំនិតបង្កើនចំនួនក្រុមដល់ទៅ ៦៤ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2030 ពីសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL។

FIFA World Cup 2026 ធ្វើឡើងដោយមានសហម្ចាស់ផ្ទះអាមេរិក កាណាដា និង ម៉ិកស៊ិក ជាការប្រកួតដែល FIFA បានសម្រេចផ្លាស់ប្តូររូបមន្តប្រកួត ដោយបង្កើនក្រុមពីចំនួន ៣២ ឡើងដល់ ៤៨ក្រុម លើកដំបូង ក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ នៅ World Cup 2030 វិញ CONMEBOL ចង់អោយការប្រកួត ដែលធ្វើឡើងនៅប្រទេសអេស្ប៉ាញ ព័រទុយហ្កាល់ និងម៉ារ៉ុក ហើយក៏រួមមានប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ជាអ្នករៀបចំការប្រកួតបើកឆាក គម្រប់ខួប ១០០ឆ្នាំ ការបង្កើត World Cup ឡើង អោយមានក្រុមចូលរួមដល់ ៦៤ក្រុមឯណោះ។

ស្ថិតក្នុងកិច្ចប្រជុំសមាជ លើកទី៧៥ របស់ FIFA នាប្រទេសប៉ារ៉ាហ្គាយ ប្រធាន CONMEBOL លោក Alejandro Dominguez បានលើកឡើងអំពីគំនិតផ្តួចផ្តើមបង្កើនចំនួនក្រុមប្រកួតកាន់តែច្រើនថែមទៀត ដើម្បីជាការអបអរដល់ខួបលើកទី ១០០ នៃការបង្កើតពានរង្វាន់ World Cup ។ ចំពោះគំនិតនោះ លោក Gianni Infantino ប្រធាន FIFA បានបង្ហាញការគាំទ្រ ហើយថែមទាំងសរសើរថាជាគំនិតដ៏ល្អផងដែរ។

ជុំវិញរឿងនេះ លោក Infantino បានអោយដឹងថា “ការអបអរខួប ១០០ឆ្នាំ ជារឿងពិសេសបំផុត ហើយខ្ញុំបានកត់ចំណាំនូវពាក្យសម្តីដែលលោក Alejandro បានលើកឡើង។ លោកបានផ្តល់គិតអោយបង្កើនដល់៦៤ក្រុម ដើម្បីរៀបចំពិធីអបអរគម្រប់ខួប ដ៏ស័ក្តិសមបំផុតមួយសម្រាប់យើងទាំងអស់គ្នា។ ដូច្នេះរាល់គំនិតទាំងអស់ គឺសុទ្ធសឹងតែជាគំនិតដល់ល្អ។”

បែបនេះក្តី ខាងសហព័ន្ធបាល់ទាត់អាមេរិកខាងជើង CONCACAF សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA និង សហព័ន្ធបាល់ទាត់អាស៊ី AFC បង្ហាញការមិនគាំទ្រចំពោះគំនិតនោះឡើយ ដោយថាការបង្កើនចំនួនក្រុមចូលរួមដល់៦៤ក្រុម នឹងធ្វើអោយប៉ះពាល់ដល់កិត្តិនាមការប្រកួត ព្រមទាំងធ្វើអោយប៉ះពាល់ដល់កីឡាករ និងការប្រកួតប្រជែងតាមលីគបាល់ទាត់ ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង