
ការប្រកួតវាយកូនបាល់កម្មវិធី Italian Open 2025 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង Rome ប្រទេសអ៊ីតាលី។
នៅក្នុងនោះដែរ ទៅលើការប្រកួតខាងផ្នែកបុរស គេបានរកឃើញជើងឯកនោះគឺកីឡាករដែលកំពុងឈរលេខ៣ពិភពលោកមកពីអេស្ប៉ាញកីឡាករ Carlos Alcaraz ដោយរូបគេបានយកឈ្នះទៅលើកីឡាករដែលកំពុងឈរលេខ១ ពិភពលោក និងជាម្ចាស់ផ្ទះផង គឺកីឡាករ Jannik Sinner នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 7-6 និង 6-1។
នេះជាពានរង្វាន់ទី៣ ដែលកីឡាករ វ័យ២២ឆ្នាំ រកបាននៅក្នុងរដូវកាលនេះ បន្ទាប់ពីបានឈ្នះពានរង្វាន់ Rotterdam Open និង Monte-Carlo Masters រួចមក។ ជួបគ្នាចំនួន៧ដងកន្លងមក Carlos Alcaraz បានយកឈ្នះ ចំនួន៤ដង រួចទៅហើយ ដែលជាការប្រាប់ទៅកីឡាករ Jannik Sinner ថា រូបគេបានត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួតកម្រិត Grand Slam គឺកម្មវិធី French Open នាពេលឆាប់ៗខាងមុខ ។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីម្ចាស់ផ្ទះ Jasmine Paolini ដែលកំពុងឈរចំណាត់ថ្នាក់លេខ៤ពិភពលោក ជាអ្នកទទួលបានជ័យជំនះជើងឯក បន្ទាប់ពីយកឈ្នះកីឡាការិនីអាមេរិក Coco Gauff ដែលកំពុងឈរចំណាត់ថ្នាក់លេខ៤ពិភពលោក នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-4 និង 6-2។
នេះគឺជាពានរង្វាន់ទី២ ដែលកីឡាការិនី Jasmine Paolini បានឈ្នះក្នុងឆ្នាំ ២០២៥ នេះ បន្ទាប់ពីបានឈ្នះពានរង្វាន់ Qatar Open រួចមក។ Jasmine Paolini ក៏ជាកីឡាការិនីអ៊ីតាលីទី១ ដែលបានឈ្នះពាន Italian Open ចាប់តាំងពីកីឡការិនី Raffaella Reggi ដែលបានឈ្នះតាំងពីឆ្នាំ ១៩៨៥មក។
សូមបញ្ជាក់ថា កម្មវិធី Italian Open គឺជាការដំណើរការលើកទី៨២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយអ្នកឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ដល់ទៅ ១លាន ៧ម៉ឺនដុល្លារឯណោះ៕