
កីឡាករបារាំង Sebastien Ogier បានទទួលជ័យជំនះជើងឯកនៅក្នុងការប្រកួតប្រណាំងរថយន្តកម្មវិធី Rally de Portugal ដែលធ្វើឡើងនាទីក្រុង Porto ប្រទេសព័រទុយហ្កាល់។
ការប្រកួតដែលធ្វើឡើងលើចម្ងាយផ្លូវប្រមាណ 344.50 គីឡូម៉ែត្រ នោះ Sebastien Ogier កាន់ចង្កូតអោយក្រុម Toyota Gazoo Racing បានចាយពេលអស់ ៣ម៉ោង ៤៨នាទី និង ៣៥វិនាទី ចុច៩។
កីឡាករអេស្តូនី Ott Tänak កាន់ចង្កូតអោយក្រុម Hyundai Shell Mobis ទទួលបានចំណាត់ថ្នាក់លេខ២ យឺតជាង ៨វិនាទី ចុច៧ ហើយកីឡាករហ្វាំងឡង់ Kalle Rovanperä កាន់ចង្កូតអោយក្រុម Toyota Gazoo Racing ទទួលបានចំណាត់ថ្នាក់លេខ៣ យឺតជាង ១២វិនាទី ចុច២។
នៅតារាងពិន្ទុសរុប កីឡាករអង់គ្លេស Elfyn Evans កំពុងឈរចំណាត់ថ្នាក់កំពូលតារាង មាន ១១៨ពិន្ទុ ខណៈកីឡាករ Kalle Rovanperä នៅលេខ២ មាន ៨៨ពិន្ទុ ហើយ កីឡាករ Sébastien Ogier នៅលេខ៣ មាន ៨៦ពិន្ទុ។
សូមបញ្ជាក់ថា កម្មវិធី Rally de Portugal គឺជាដំណាក់កាលទី ៥ ក្នុងចំណោម១៤នៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship ប្រចាំរដូវកាល ២០២៥នេះ។
ការប្រកួតជាបន្តដំណាក់កាលទី៦ ជាកម្មវិធី Rally Italia Sardegna ធ្វើឡើងនាតំបន់ Sardinia ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែមិថុនា ខាងមុខ៕