×

អ្នកវាយកូនបាល់ Andrey Rublev និង Alexander Zverev ឆ្លងផុតជុំទី១ដូចគ្នា ក្នុង កម្មវិធី Hamburg Open 2025

ការប្រកួតវាយកូនបាល់ ទីលានដីឥដ្ឋ កម្មវិធី Hamburg Open 2025 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដោយការប្រកួតបានធ្វើឡើងនាទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។

ជាក់ស្តែង ការប្រកួតបើកឆាកជុំទី១នេះ កីឡាករដែលកំពុងឈរលេខ៨ពិភពលោកមកពីរុស្ស៊ី Andrey Rublev បានយកឈ្នះលើកីឡាករប៊ូស្នី Damir Džumhur តាមរយៈលទ្ធផល 6-4 និង 6-3។

Andrey Rublev នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាករម្ចាស់ផ្ទះ Justin Engel ដែលបានទម្លាក់មិត្តរួមជាតិ Jan-Lennard Struff ។

ចំណែកឯកីឡាករម្ចាស់ផ្ទះ Alexander Zverev ដែលកំពុងកាន់កាប់ចំណាត់ថ្នាក់លេខ៣ពិភពលោក ក៏បានទទួលជ័យជំនះក្នុងការប្រកួតជុំទី១នេះដែរ ដោយឈ្នះទៅលើកីឡាករអាមេរិក Aleksandar Kovacevic តាមរយៈលទ្ធផល 6-1 និង 7-5។

Alexander Zverev នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាករបារាំង Alexandre Müller ដែលបានយកឈ្នះកីឡាករស៊ុយអែត Elias Ymer។

សូមបញ្ជាក់ថា កម្មវិធី Hamburg Open 2025 គឺជាការដំណើរការលើកទី ១១៩ នៅក្នុងប្រវត្តិសាស្ត្រ ដោយដំណើរការចាប់ពីថ្ងៃទី ១៨ ដល់ ២៤ ខែឧសភា។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ២លាន ៤សែនដុល្លារអាមេរិក។ កីឡាករបារាំង Arthur Fils គឺជាអ្នកការពារតំណែងជើងឯកនៃកម្មវិធីឆ្នាំនេះ ប៉ុន្តែបានសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតឆ្នាំនេះទេ។

កម្មវិធី Hamburg Open ក៏ជាការប្រកួតកម្តៅសាច់ដុំរបស់កីឡាករ មុនពេលពួកគេត្រូវទៅចូលរួមការប្រកួតកម្រិត Grand Slam កម្មវិធី French Open ដែលធ្វើឡើងនាពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង