×

អ្នកគាំទ្រ Man UTD និង Tottenham Hotspur មកជួបជុំគ្នាលើកទឹកចិត្តក្រុមរៀងខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League

អ្នកគាំទ្រ Man UTD និង Tottenham Hotspur បានមកប្រមូលផ្ដុំគ្នានៅតំបន់អ្នកគាំទ្រ ដើម្បីលើកទឹកចិត្តក្រុមរៀងខ្លួន ខណៈក្រុមទាំង២នឹងត្រូវប្រកួតតទល់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ។

ដោយសារត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទី២អឺរ៉ុបនោះ ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ បានត្រៀមខ្លួនជាស្រេច សម្រាប់លំហូរអ្នកគាំទ្របាល់ទាត់អង់គ្លេសជាង ៥ម៉ឺននាក់ឯណោះ។ អាជ្ញាធរអេស្ប៉ាញបានពង្រឹងសន្តិសុខនៅតំបន់ជុំវិញកីឡដ្ឋាន San Mames របស់ក្លិប Athletic Bilbao ដែលស្ថិតនៅកណ្តាលទីក្រុង ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់អោយបានត្រឹមត្រូវផងដែរ។

បែបនេះក្តី សេវាកម្មក្រុងក្នុងទីក្រុង Bilbao ដែលមានដូចជា ការធ្វើដំណើរសាធារណៈ ការសម្អាត និងសន្តិសុខត្រូវបានរំខានយ៉ាងខ្លាំង ដោយសារតែគម្រោងពង្រឹងសន្តិសុខនេះ។ យ៉ាងណា គម្រោងនេះត្រូវតែដំណើរការ ដើម្បីធានាថាព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ UEFA Europa League នឹងដំណើរការប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព ដូចដែលបានបញ្ជាក់ដោយក្រុមប្រឹក្សាក្រុង Bilbao ។ មន្ត្រីប៉ូលិសជាង ៣០០០ នាក់នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុង ហើយនឹងត្រួតពិនិត្យតំបន់សុវត្ថិភាពចំនួន ៣ ជុំវិញកីឡដ្ឋាន ដោយរឹតបន្តឹងការចូលប្រើសម្រាប់តែអ្នកកាន់សំបុត្រ និងអ្នករស់នៅក្នុងតំបន់តែប៉ុណ្ណោះ។

ដោយឡែក តំបន់អ្នកគាំទ្រហាក់មានភាពអ៊ូអរ ដោយសារអ្នកគាំទ្រ ក្រុមទាំងសងខាងបានមកប្រមូលផ្តុំគ្នា ហើយទីតាំងនេះបានបំពាក់ដោយអេក្រង់ខ្នាតធំ ដើម្បីបង្ហាញសកម្មភាពកម្សាន្ត និងសកម្មភាពប្រកួត ហើយវាក៏មានការបម្រើស្រាបៀរជាង ៦ម៉ឺនលីត្រ ដើម្បីទាក់ទាញអ្នកគាំទ្រថែមទៀត។

Man UTD និង Tottenham Hotspur ទទួលបានការបែងចែកសំបុត្រអោយអ្នកគាំទ្រ ប្រមាណ ១៥០០០ សន្លឹកក្នុងមួយក្រុម ហើយសំបុតត្រផ្សេងទៀត ត្រូវបានផ្តល់ទៅអោយអ្នកឧបត្ថម្ភរបស់ UEFA។ ការប្រកួត រវាង Man UTD និង Tottenham Hotspur នៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League នឹងត្រូវធ្វើឡើងនាយប់នេះ នៅកីឡដ្ឋាន San Mames ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង