ការប្រកួតវាយកូនបាល់កម្រិត ATP 500 កម្មវិធី Hamburg Open 2025 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកផងដែរ នោះគឺកីឡាករអ៊ីតាលី Flavio Cobolli ដោយបានយកឈ្នះកីឡាកររុស្ស៊ី Andrey Rublev នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-2 និង 6-4 ។
នេះជាការឈ្នះពានរង្វាន់ដំបូងនៅក្នុងឆ្នាំ២០២៥ និង ជាពានរង្វាន់ធំបំផុតមួយក្នុងអាជីពរបស់កីឡាករ Flavio Cobolli ។
ជ័យជំនះនេះក៏នឹងធ្វើអោយ កីឡាករវ័យ២៣ឆ្នាំនឹងហក់ឡើងចំណាត់ថ្នាក់ ពីលេខ ៣៥ មកលេខ២៦ ពិភពលោក ពេលដែលតារាងចំណាត់ថ្នាក់ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា កម្មវិធី Hamburg Open 2025 គឺជាការដំណើរការលើកទី ១១៩ នៅក្នុងប្រវត្តិសាស្ត្រ ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ២លាន ៤សែនដុល្លារអាមេរិក។
កម្មវិធី Hamburg Open ក៏ជាការប្រកួតកម្តៅសាច់ដុំរបស់កីឡាករ មុនពេលពួកគេត្រូវទៅចូលរួមការប្រកួតកម្រិត Grand Slam កម្មវិធី French Open 2025៕