
កីឡាករអ៊ីតាលី Marco Bezzecchi បានទទួលជ័យជំនះនៅក្នុងការប្រណាំងម៉ូតូ GP កម្មវិធី British motorcycle Grand Prix ដែលធ្វើឡើងនាទីក្រុង Silverstone ប្រទេសអង់គ្លេស។
ការប្រកួតនោះកីឡាករទាំងអស់ត្រូវធ្វើការជិះចំនួន ១៩ ជុំទីលានសរុបចម្ងាយផ្លូវប្រមាណ ១២១,១០០ គីឡូម៉ែត្រ។ យ៉ាងណា កីឡាករ Marco Bezzecchi កាន់ចង្កូតអោយក្រុម Aprilia Racing បានបញ្ចប់ទីព័្រត្រ ប្រើពេលអស់តែ ៣៨នាទី និង ១៦វិនាទី ចុច ០៣៧។ កីឡាករបារាំង Johann Zarco កាន់ចង្កូតអោយក្រុម Castrol Honda បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាង ៤វិនាទី ចុច០៨៨ ហើយកីឡាករ អេស្ប៉ាញ Marc Marquez កាន់ចង្កូតអោយក្រុម Ducati Lenovo បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង ៥វិនាទី ចុច៩២៩។
នៅតារាងពិន្ទុសរុបវិញ Marc Marquez នៅឈរកំពូលតារាង មាន១៩៦ពិន្ទុ ខណៈ ប្អូនប្រុសរបស់គេគឺ Álex Márquez នៅលេខ២មាន ១៩៦ពិន្ទុ ហើយ កីឡាករអ៊ីតាលី Francesco Bagnaia នៅលេខ៣ មាន១២៤ពិន្ទុ។
សម្រាប់លទ្ធផលនៃការប្រណាំង Moto 2 វិញ ជ័យជំនះបានទៅលើកីឡាករ អូស្ត្រាលី Senna Agius មកពីក្រុម Liqui Moly Husqvarna Intact GP។
ទៅលើលទ្ធផលនៃការប្រណាំង Moto 3 វិញ ជ័យជំនះបានទៅលើកីឡាករអេស្ប៉ាញ Jose Antonio Rueda មកពីក្រុម Red Bull KTM Ajo។
សូមបញ្ជាក់ថា កម្មវិធី British motorcycle Grand Prix គឺជាដំណាក់កាលទី ៧ ក្នុងចំណោម២២ នៃការប្រណាំងម៉ូតូ GP ពានរង្វាន់ MotoGP World Championship ប្រចាំរដូវកាល ២០២៥។
ការប្រកួតជាបន្តដំណាក់កាលទី ៨ ជាកម្មវិធី Aragon Motorcycle Grand Prix ធ្វើឡើងនាទីក្រុង Alcañiz ប្រទេសអេស្ប៉ាញ ថ្ងៃទី ៨ ខែមិថុនា ខាងមុខ៕