×

Barcelona តែងតាំងគ្រូបង្វឹកយុវជនមកដឹកនាំក្រុមឈុតធំជាបណ្តោះអាសន្ន

បន្ទាប់ពីលោក Ronald Koeman ត្រូវបានបញ្ចប់តួនាទីជាគ្រូបង្គោល Barcelona រួចមក ពេលនេះ ក្រុមអ្នកមានបុណ្យបានធ្វើការប្រកាសតែងតាំងលោក Sergi Barjuan គ្រូបង្វឹកក្រុមយុវជនមកជាគ្រូបង្វឹកបណ្តោះអាសន្នសិន។

លោក Koeman បានរបូតតំណែងបន្ទាប់ពីដឹកនាំពុំសូវទទួលលទ្ធផលល្អ ដោយពួកគេទើបតែបរាជ័យ ១-០ ក្រោមថ្វីជើងក្រុម Rayo Vallecano នៅក្របខណ្ឌ La Liga។ Barcelona ធ្វើមិនបានល្អទេ ដោយឈរនៅលេខរៀងទី៩នៅ La Liga មាន១៥ពិន្ទុប៉ុណ្ណោះ ពីការប្រកួត១០លើក ឈ្នះ៤ចាញ់៣ និងស្មើ៣។ មុនចាញ់ Vallecano ក្រុមលោក Koeman បានចាញ់ Real Madrid នៅជំនួប El Clasico ២-១ នៅកីឡដ្ឋាន Camp Nou ។

លោក Barjuan ដែលជាគ្រូបង្គោលក្រុមបម្រុង Barcelona ផងដែរនោះ ត្រូវបានប្រធានក្លិប លោក Joan Laporta ណែនាំទៅកាន់កីឡាករក្រុមឈុតធំហើយលោកនឹងផ្ដល់ជាបទសម្ភាសក្នុងសន្និសីទសារពត៌មាន មុនការប្រកួតទល់នឹងក្រុម Alaves នៅចុងសប្តាហ៍នេះ។

សម្រាប់ការតែងតាំងលោក Sergi Barjuan មកជាគ្រូបង្វឹកបណ្តោះអាសន្ននេះដែរ គឺធ្វើឡើងមុនពេល Barcelona តែងតាំងអតីតខ្សែបម្រើ និង អ្នកចាត់ការរបស់ក្រុម Al Sadd នៅលីគនៃប្រទេសកាតា លោក Xavi Hernandez មកជាគ្រូបង្វឹកអចិន្ត្រៃយ៍។

បើតាមការរាយការណ៍បានឱ្យដឹងថា លោក Xavi បានព្រមព្រៀងនឹង Barcelona ហើយនឹងមកធ្វើជាគ្រូបង្គោលក្លិបនេះឆាប់ៗ នៅពេលដែលនីតិវិធីផ្ដាច់កុងត្រាជាមួយក្លឹប Al Sadd ត្រូវបានបញ្ចប់ជាស្ថាពរ ខណៈកុងត្រារបស់លោកជាមួយក្លិបនេះគឺនៅមានសុពលភាពដល់ឆ្នាំ២០២៣ឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង