ការប្រណាំងកង់កម្មវិធី Giro d’Italia 2025 បានបន្តឈានដល់ដំណាក់កាលទី ១៨ហើយ ដែលការប្រកួតធ្វើឡើងពីតំបន់ Morbegno ទៅកាន់តំបន់ Cesano Maderno ភាគខាងជើងប្រទេសអ៊ីតាលី។
នៅក្នុងនោះកីឡាករអាល្លឺម៉ង់ Nico Denz ជាអ្នកទទួលជ័យជំនះនៅក្នុងការប្រកួតដំណាក់កាលនេះ ដោយសមាជិកក្រុម Red Bull–Bora–Hansgrohe បានចាយពេលអស់ ៣ម៉ោង ១២នាទី និង៧វិនាទី ក្នុងការជិះលើចម្ងាយផ្លូវប្រមាណ ១៤៤ គីឡូម៉ែត្រ រវាងតំបន់ទាំង២ខាងដើម។ កីឡាករម្ចាស់ផ្ទះ Mirco Maestri មកពីក្រុម Polti VisitMalta បានជិះមកដល់គោលដៅលំដាប់ទី២ ហើយកីឡាករបែលហ្ស៊ីក Edward Planckaert មកពីក្រុម Alpecin–Deceuninck បានជិះមកដល់គោលដៅលំដាប់ទី៣។
នៅតារាងពេលវេលាសរុបវិញ កីឡាករម៉ិកស៊ិក Isaac del Toro នៅតែកាន់កាន់កំពូលតារាងដដែល ដោយសមាជិកក្រុម UAE Emirates បានចាយពេលអស់ ៦៨ម៉ោង ៥៦នាទី និង៣២វិនាទី។
ការប្រណាំងកង់កម្មវិធី Giro d’Italia 2025 ដំណាក់កាលទី ១៩ នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Biella ទៅកាន់តំបន់ Champoluc ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលីដដែល មានចម្ងាយផ្លូវប្រមាណ ១៦៦ គីឡូម៉ែត្រ៕