
ការប្រកួតវាយកូនបាល់ទីលានដីឥដ្ឋ កម្រិត Grand Slam កម្មវិធី French Open 2025 បានបន្តដំណើរការឈានដល់ជុំទី២ហើយ ដែលប្រព្រឹត្តិទៅនាទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងនោះដែរ កីឡាករដែលកំពុងឈរលេខ៦ ពិភពលោកមកពីសែប Novak Djokovic បានជួបប្រកួតនឹងទទួលជ័យជំនះទៅលើកីឡាករម្ចាស់ផ្ទះ Corentin Moutet តាមរយៈលទ្ធផល 6-3 6-2 និង 7-6 ចាយពេលអស់ជាង៣ម៉ោង។ Novak Djokovic នឹងបន្តទៅកាន់ការប្រកួតជុំទី៣ ប៉ះកីឡាករអូទ្រីស Filip Misolic ដែលបានទម្លាក់កីឡាករកាណាដា Denis Shapovalov។
ចំណែកឯ កីឡាករប្រេស៊ីល João Fonseca ក៏បានទទួលជ័យជំនះនៅក្នុងការប្រកួតជុំទី២នេះដែរ ដោយបានឈ្នះទៅលើម្ចាស់ផ្ទះដូចគ្នា គឺកីឡាករ Pierre-Hugues Herbert តាមរយៈលទ្ធផល 7-6 7-6 និង 6-4 ។ João Fonseca នឹងបន្តឡើងទៅជុំទី៣ ជួបកីឡាករអង់គ្លេស Jack Draper ដែលបានទម្លាក់កីឡាករម្ចាស់ផ្ទះ Gaël Monfils។
ក្រឡេកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីអាមេរិក Madison Keys បានយកឈ្នះទៅលើកីឡាការិនីអង់គ្លេស Katie Boulter នៅក្នុងការប្រកួតជុំទី២ដោយលទ្ធផល 6-1 និង 6-3 ដើម្បីបន្តឡើងទៅកាន់ជុំទី៣ ជួបមិត្តរួមជាតិកីឡាការិនី Sofia Kenin ដែលបានវាយផ្តួលកីឡាការិនីបែលឡារុស Victoria Azarenka។
រីឯកីឡាការិនីអេស្ប៉ាញ Paula Badosa បានយកឈ្នះកីឡាការិនី រូម៉ានី Elena-Gabriela Ruse នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 3-6 6-4 និង 6-4 ដើម្បីឡើងទៅកាន់ជុំទី៣ជួបកីឡាការិនី អូស្ត្រាលី Daria Kasatkina ដែលបានយកឈ្នះ កីឡាការិនីម្ចាស់ផ្ទះ Léolia Jeanjean។
សូមបញ្ជាក់ថា កម្មវិធី French Open 2025 គឺជាការដំណើរការលើកទី ១២៤ នៅក្នុងប្រវត្តិសាស្ត្រ ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ ថ្ងៃទី៨ ខែមិថុនា។ កីឡាករអេស្ប៉ាញ Carlos Alcaraz គឺជាអ្នកការពារតំណែងជើងឯកផ្នែកបុរស ខណៈ កីឡាការិនី ប៉ូឡូញ Iga Świątek គឺជាអ្នកការពារតំណែងជើងឯកខាងផ្នែកនារីនៅក្នុងការប្រកួតឆ្នាំនេះ៕