ខ្សែការពារចាស់វស្សាដែលបានឈ្នះ Champions League បួនសម័យកាល ហើយលេងបានជាង ៥៣០ប្រកួតជាមួយ Real Madrid នោះគឺ Marcelo បានប្រកាសពីការចាកចេញរបស់គេនៅឆ្នាំក្រោយនេះបន្ទាប់ពីរួមរស់ជាមួយក្លិបអស់ជាច្រើនឆ្នាំ។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ៣៣ឆ្នាំនឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ហើយឥឡូវនេះ Marcelon បានបញ្ចេញពីអារម្មណ៍ក្នុងការចាកចេញពីក្លិបយក្សរបស់អេស្ប៉ាញ ប្រហែលជានៅខែមករាខាងមុខនេះ ហើយចង់ត្រលប់ទៅអតីតក្លិប Fluminense របស់គេវិញ នេះបើយោងតាមសារព័ត៍មាន El Nacional ។
យ៉ាងណាមិញមុននឹងសម្រេចចិត្តចាកចេញនេះផងដែរ បច្ចុប្បន្នក្លិបមានខ្សែការពារ Mendy ដែលកំពុងតែលេងនៅតំបន់របស់ Marcelo ដែលជាដើមហេតុមួយធ្វើឲ្យរូបគេខកខានមិនសូវបានលេងដូចគ្នា។ ក្នុងនោះលោក Perez ដែលជាប្រធានក្លិបក៏បាន បើកភ្លើងខៀវដល់ការចង់បានរបស់ Marcelo ផងដែរ ប្រសិនបើគេចង់ទាមទារចាកចេញ ហើយភាគីទាំងពីរអាចយល់ព្រមលើកិច្ចព្រមព្រៀងមួយនេះបាន។
រីឯគ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បែរជាចង់រក្សាកីឡាករដែលមានបទពិសោធរូបនេះពេញមួយនៃរដូវកាលនេះ ដើម្បីជួយក្រុមជាបន្តទៀត ខណៈដែលពួកគេចង់ឈ្នះ LaLiga ជាលើកទី៣៥៕