×
ព័ត៌មានថ្មី

Paris Saint Germain ដង្ហែពាន UEFA Champions League ក្រោមការចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់

អ្នកគាំទ្រ Paris Saint Germain រាប់ម៉ឺននាក់បានមកប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមពិធីដង្ហែពានរង្វាន់ UEFA Champions League បន្ទាប់ពីក្រុម Paris Saint Germain បានឈ្នះពានរង្វាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ជាការពិត Paris Saint-Germain បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់កំពូលអឺរ៉ុបរដូវកាល ២០២៤-២៥ បន្ទាប់ពីក្រុមវ័យក្មេងដ៏អស្ចារ្យរបស់លោក Luis Enrique បានយកឈ្នះ Inter Milan ក្នុងលទ្ធផលមិននឹកស្មាន ៥-០ នៅជំនួបវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាកីឡដ្ឋាន Allianz Arena ទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

ការប្រកួតនោះ ក្រុមបារាំង Paris Saint Germain អាចរកបាន៥គ្រាប់ដ៏មិនគួរឱ្យជឿតាមរយៈខ្សែការពារ Achraf Hakini, Desire Doue រកបាន២គ្រាប់ម្នាក់ឯង Khvicha Kvaratskhelia និង Senny Mayulu ។

ជ័យជំនះលើសលុបនេះ បានជួយក្រុម Paris Saint Germain គ្រងជើងឯកក្របខណ្ឌកំពូលអឺរ៉ុបលើកដំបូងជាប្រវត្តិសាស្ត្រក្លិប និងជាក្រុមទី២មកពីបារាំងដែលឈ្នះពាននេះបន្ទាប់ពី Olympique de Marseille។

ចំពោះសមិទ្ធផលនេះដែរ បានធ្វើអោយលោក Luis Enrique ក្លាយជាគ្រូបង្វឹកទី៥ ដែលដឹកនាំក្រុម២ផ្សេងគ្នាឈ្នះ UEFA Champions League។ បុរសសញ្ជាតិអេស្ប៉ាញធ្លាប់ដឹកនាំ Barcelona ឈ្នះពានអឺរ៉ុបក្នុងឆ្នាំ ២០១៥។

ក្រោយទទួលបានជ័យជំនះ Paris Saint Germain បាននាំយកពានរង្វាន់ UEFA Champions League មកដង្ហែ ដោយមានការចូលរួមពីអ្នកគាំទ្រ យ៉ាងអឺងកង តាមដងផ្លូវនាទីក្រុងប៉ារីស ក្នុងបរិយាកាសមានភាពរីករាយបំផុត ដោយក្នុងនោះមានទាំងការអុជកាំជ្រួច ការគ្រវីទង់របស់ក្លិប រួមជាមួយការរាំច្រៀងជាដើម។

សម្រាប់ការដង្ហែរពានរង្វាន់ UEFA Champions League របស់ Paris Saint Germain ពួកគេនឹងធ្វើដំណើរទៅកាន់វិមាន Elysee Palace ដើម្បីទទួលការស្វាគមន៍ និង អបអរដោយផ្ទាល់ពី ប្រធានាធិបតីបារាំង លោក Emmanuel Macron ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង