×
ព័ត៌មានថ្មី

គ្រូ Inter Milan លាលែងពីតំណែងក្រោយមិនអាចជួយក្រុមឈ្នះជើងឯក UEFA Champions League

លោក Simone Inzaghi បានសម្រេចសុំលាលែងពីតំណែង ជាគ្រូបង្វឹក Inter Milan ក្រោយពីបរាជ័យមិនអាចជួយក្រុមឈ្នះជើងឯក UEFA Champions League រួចមក។

ជាការពិត Inter Milan បានបរាជ័យក្រោមថ្វីជើងរបស់ Paris St-Germain ដោយលទ្ធផល ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើអោយពួកគេខកខានឱកាសទទួលបានជើងឯកពានរង្វាន់កំពូលអឺរ៉ុបរដូវកាល ២០២៤-២៥។ការលាលែងពីតំណែងរបស់ បុរសវ័យ៤៩ឆ្នាំ នេះដែរកើតឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី បញ្ចប់ការប្រកួត UEFA Champions League។

លោក Inzaghi និង Inter Milan បានបញ្ចប់រដូវកាលដោយការខកចិត្តមួយ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Serie A ដែលមាន១ពិន្ទុតាមពីក្រោយក្រុមជើងឯក Napoli ហើយត្រូវបានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ក្នុងលទ្ធផល ៤-១ ដោយគូប្រជែងរួមទីក្រុង AC Milan ថែមទៀត។

ជុំវិញការសុំលាលែងពីតំណែងនៅ Inter Milan លោក Inzaghi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពេលវេលាបានមកដល់សម្រាប់ខ្ញុំក្នុងការនិយាយលាទៅកាន់ក្លិបនេះ បន្ទាប់ពីការធ្វើដំណើររយៈពេល ៤ ឆ្នាំ ហើយខ្ញុំរីករាយក្នុងអំឡុងពេលដែលខ្ញុំបានផ្តល់អោយអ្វីគ្រប់យ៉ាងសម្រាប់ក្លិប។”

អំឡុងការដឹកនាំរបស់លោក Inzaghi ក្លិប Inter Milan បានឈ្នះពានរង្វាន់សរុបចំនួន ៦ដង ដែលមាន Serie A ១ដង , Coppa Italia ២ដង និង Supercoppa Italia ចំនួន៣ដង។

បុរសជនជាតិអ៊ីតាលីរូបនេះ បានជួយ Inter Milan ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចំនួន២ដង តែរងបរាជ័យទាំង២ដង ដោយក្នុងឆ្នាំ ២០២២-២៣ ចាញ់ Manchester City ១-០ និង ក្នុងឆ្នាំ ២០២៤-២៥ ចាញ់ Paris St-Germain ដោយលទ្ធផល ៥-០ យ៉ាងធ្ងន់ធ្ងរ។

ការលាលែងពីតំណែងនេះ លោក Simone Inzaghi នឹងមិនបានជួយ Inter Milan ទៅកាន់ការប្រកួត FIFA Club World Cup 2025 ទេ ប៉ុន្តែសារពត៌មាននៅអ៊ីតាលីបានផ្សព្វផ្សាយថា លោក Simone Inzaghi នឹងទៅដឹកនាំក្លិប Al-Hilal នៅក្របខណ្ឌ Saudi Pro League ដែលជាក្លិបមានកៅអីទៅកាន់ FIFA Club World Cup ដែលធ្វើឡើងនៅសហរដ្ឋអាមេរិកនាពេលខាងមុខដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង