
លោក Julian Nagelsmann គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់បាននិយាយថា លោកមានភាពរីករាយ និង កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ក្នុងការប្រកួត UEFA Nations League ទល់នឹងក្រុមជម្រើសជាតិព័រទុយហ្កាល់។
អាល្លឺម៉ង់កំពុងឡើងជើងវិញនៅរយៈកាលចុងក្រោយនេះ បន្ទាប់ពីជួបភាពខកចិត្ត ចាញ់អេស្ប៉ាញ ២-១ នៅវគ្គ៨ក្រុមចុងក្រោយ UEFA Euro រួចមក ដោយមកទល់ពេលនេះ ពួកគេមិនចាញ់ការប្រកួតណាមួយសោះ។
លទ្ធផលដែលល្អប្រសើរ ធ្វើអោយក្រុមឥន្ទ្រីយ៍ដែក កាន់តែមានភាពក្លៀវក្លា ហើយរង់ចាំការប្រកួតជាបន្តទៀត ដើម្បីធ្វើតេស្តពីការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ក្រុម។
តួយ៉ាង ការប្រកួតទល់នឹងក្រុមជើងខ្លាំង និង ជាម្ចាស់ជើងឯក UEFA Nations League ដំបូងគេគឺក្រុម ព័រទុយហ្កាល់ គឺជាការសាកល្បងថ្មី ដែលលោក Julian Nagelsmann និង ក្រុមអាល្លឺម៉ង់ចង់ឆ្លងកាត់អោយបាន។
ជុំវិញរឿងនេះ លោក Nagelsmann បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Munich ថា “ខ្ញុំតែងតែនិយាយជាញឹកញាប់ថាវាដូចជាការប្រកួតជើងឯកអឺរ៉ុបខ្នាតតូចនៅចុងបញ្ចប់នៃរដូវកាលនេះ។ យើងកំពុងទន្ទឹងរង់ចាំវានៅទឹកដីរបស់យើងជាមួយអ្នកគាំទ្ររបស់យើងនៅក្នុងកីឡដ្ឋានដ៏ស្រស់ស្អាត។ យើងកំពុងចង់វាស់ស្ទង់ពីសមត្ថភាពរបស់យើង និងបង្កើនជំនឿចិត្តថែមទៀតសម្រាប់ការប្រកួតបន្តរបស់យើង។”
សូមបញ្ជាក់ថា ជាការពិត ក្រុមអាល្លឺម៉ង់ នឹងត្រុវប៉ះក្រុមព័រទុយហ្កាល់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Nations League ដែលធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Munich ដែលទីតាំងនេះទើបតែរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រួចរាល់ ដោយក្នុងនោះក្រុម PSG បានយកឈ្នះក្រុម Inter Milan ក្នុងលទ្ធផល ៥-០ ឯណោះ៕