×

អ្នកប្រដាល់ Manny Pacquiao ថាខ្លួន មានភាពខ្លាំងក្លាដូចកាលចាប់ផ្តើមអាជីពដំបូង

អ្នកប្រដាល់ Manny Pacquiao បានប្រកាសពីការវិលត្រឡប់ពីការចូលនិវត្តន៍ វិលចូលសង្វៀនវិញ ដោយត្រូវដណ្តើមខ្សែក្រវាត់ពិភពលោក WBC ពីអ្នកប្រដាល់ Mario Barrios ។ ការវិលត្រឡប់មកវិញនេះដែរ Manny Pacquiao បានអះអាងថា ខ្លួនមានភាពខ្លាំងក្លា ដូចនៅអំឡុងទសវត្ស ៩០ អញ្ចឹងដែរ។

បុរសជនជាតិហ្វីលីពីន បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការផ្តួលកីឡាករលំដាប់កំពូលៗរបស់ម៉ិកស៊ិក ដូចជា Erik Morales, Juan Manuel Marquez, Marco Antonio Barrera និង Osca Delahoya ជាដើម។ អ្វីដែលអស្ចារ្យបំផុត Pacquiao ត្រូវបានផ្គូរផ្គងអោយជួបកំពូលកីឡាករមិនដែលចាញ់អាមេរិក Floyd Mayweather ដែលជាជំនួបធំបំផុតមួយ។ មុនចូលនិវត្តន៍ពីអាជីពប្រដាល់ នៅឆ្នាំ ២០២១ ក្រោយពីចាញ់កីឡករគុយបា Yordenis Ugas នោះ Pacquiao ធ្លាប់គ្រងខ្សែក្រវាត់ពិភពលោកដល់ទៅ៨ស្ថាប័នផ្សេងគ្នា ជាមួយកំណត់ត្រាប្រកួត៧២ដង ឈ្នះ៦២ ចាញ់៨ និងស្មើ២។

ឥឡូវនេះ អតីតសមាជិកព្រឹទ្ធសភាហ្វីលីពីនពីឆ្នាំ ២០១៦ ដល់ ២០២២ បានត្រឡប់ពីការចូលនិវត្តន៍របស់ខ្លួនវិញ នឹងមានការប្រកួតជាមួយ Mario Barrios កីឡាករវ័យក្មេងអាមេរិក Mario Barrios ដើម្បីដណ្តើមខ្សែក្រវាត់ WBC Welterweight នៅថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ដោយឡែក នៅក្នុងឱកាសផ្សព្វផ្សាយពីការប្រកួតរបស់ខ្លួន Pacquiao បានអះអាងថា ក្រោយការវិលត្រឡប់ពីការចូលនិវត្តន៍ រូបគេមានអារម្មណ៍ថា ខ្លួនមានភាពខ្លាំងក្លាដូចកាលពីពេលរូបគេប្រកបអាជីពពេលដំបូង។

បុរសវ័យ៤៦ឆ្នាំ អោយដឹងដូច្នេះ “អ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះ ខ្ញុំប្រៀបដូចជា Manny Pacquiao ពីទសវត្សទី 90 ។ ខ្ញុំចាប់ផ្ដើមអាជីពប្រដាល់នៅឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន។ អស្ចារ្យណាស់ ហើយ សូម្បីតែពេលនេះ ខ្ញុំរីករាយនឹងការធ្វើការលំបាកនិងការហ្វឹកហាត់។ មិនមែនកីឡាករទាំងអស់សុទ្ធតែមានអារម្មណ៍បែបនេះទេ។ នេះគឺជាការអនុគ្រោះ ពរពីព្រះ ខ្ញុំជឿ បែបនោះ ។ Manny Pacquiao ត្រលប់មកវិញហើយ។ ដូច្នេះសូមអរគុណអ្នកទាំងអស់គ្នាដែលជឿជាក់លើ Manny Pacquiao និងវិស័យប្រដាល់។ “

អ្នកប្រដាល់ និងជាអ្នកនយោបានហ្វីលីពីន វ័យ៤៦ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកីឡាករវាយចេញលឿនរហ័ស និងល្បឿនកណ្តាប់ដៃធ្ងន់ក្នុងប្រវត្តិសាស្ត្រ។ រូបលោកក៏ជាកីឡាករប្រដាល់តែមួយរូបគត់ ដែលឈ្នះជើងឯកពិភពលោកក្នុងកំណត់ត្រាទម្ងន់ ៨ ប្រភេទផ្សេងគ្នា ខណៈលោកក៏ជាជើងឯកពិភពលោក ដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រ ក្នុងអាយុ ៤០ ឆ្នាំ ដែលកំណត់ត្រានេះ Manny Pacquiao បានសាងឡើងកាលពីឆ្នាំ ២០១៩ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង